ញាក់សាច់! VW និង SAIC ប្រកាសចុះកិច្ចព្រមព្រៀងថ្មី ត្រៀមចេញឡានថ្មីចំនួន ១៨ម៉ូឌែល

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Volkswagen (VW) និងក្រុមហ៊ុន SAIC របស់ប្រទេសចិន បានប្រកាសថា ពួកគេនឹងចុះកិច្ចព្រមព្រៀងថ្មីដើម្បីពង្រីកសម្ព័ន្ធភាពដៃគូសហកាលរបស់ពួកគេដល់ឆ្នាំ២០៤០ ដែលបានបន្តពីកិច្ចចាស់ដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៨៤។

ចំពោះការចុះកិច្ចព្រមព្រៀងថ្មីនេះ មានន័យថាក្រុមហ៊ុនទាំងពីរនឹងបន្តបណ្តាក់ទុនរួមគ្នាដើម្បីអភិវឌ្ឍផលិតផលរថយន្តថ្មីៗជាច្រើនម៉ូឌែល ពោលគឺក្រុមហ៊ុន SAIC Volkswagen មានគោលដៅណែនាំរថយន្តថ្មីចំនួន ១៨ម៉ូឌែល មុនឆ្នាំ ២០៣០ ដែលក្នុងនោះមានរថយន្ត ១៥ គ្រឿង ត្រូវបានបង្ហើតឡើងសម្រាប់ទីផ្សារចិនជាពិសេស រួមមានរថយន្តប្រភេទអគ្គិសនីសុទ្ធ និង Plug-in Hybrid Electric Vehicles (PHEV) ដោយប្រើនូវប្រព័ន្ធបច្ចេកវិទ្យាគ្រោងឆ្អឹងថ្មី CMP (Compact Modular Platform) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា នៅក្នុងការកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុន VW បានប្រកាសលក់រោងចក្ររបស់ខ្លួននៅក្នុងតំបន់ Xinjiang ដោយសារតំបន់នេះមានការរិះគន់ទាក់ទងថា មានការរំលោភសិទ្ធិមនុស្ស។ ក្នុងនោះ រោងចក្រនេះ ត្រូវបានបើកដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១៣ ដោយមានបុគ្គលិកត្រឹម ២០០ នាក់ ប៉ុណ្ណោះ និងមិនបានផលិតរថយន្តសូម្បីតែមួយគ្រឿងចាប់តាំងពីឆ្នាំ២០១៩ មក។

គួរបញ្ជាក់ថា ការលក់របស់ VW នៅក្នុងប្រទេសចិនកំពុងជួបប្រទះនឹងការធ្លាក់ចុះជាខ្លាំង ពោលគឺស្ថិតនៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣ ការលក់របស់ VW នៅក្នុងប្រទេសចិនបានធ្លាក់ចុះពី ២៥ភាគរយ មក ១៥ភាគរយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម