ក្រោយពីបានចេញលក់លើទីផ្សារអស់រយៈពេល១០ឆ្នាំរួចមក ជីវិតរបស់រថយន្ត Lamborghini Aventador នឹងត្រូវបញ្ចប់ត្រឹមរថយន្តម៉ូដែលចុងក្រោយគឺ Lamborghini Aventador Ultimate ដែលរថយន្តនេះនឹងមានផលិតត្រឹម ៦០០គ្រឿងប៉ុណ្ណោះ។
ដោយសារតែ Aventador Ultimate គឺជាម៉ូដែលចុងក្រោយ ក្រុមហ៊ុនបានបំពាក់ចំណុចពិសេសបំផុតនៅលើរថយន្តដែលក្នុងនោះរួមមានរចនាបថរបស់រថយន្ត Aventador S និងសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Aventador SVJ ផងដែរ។
Aventador Ultimate មានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង ចំណុះ៦,៥លីត្រ ដែលអាចផលិតកម្លាំងបាន៧៧០សេះ ខ្លាំងជាង Aventador ចំនួន៣៩សេះ និងខ្លាំងជាង SVJ ចំនួន១០សេះផងដែរ។ វាមានប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ និងប្រអប់លេខ៧វគ្គ ដែលអាចផ្លាស់ប្ដូរចុះឡើងក្នុងពេលត្រឹម ៥០មីលីវិនាទីប៉ុណ្ណោះ។ វាក៏មានល្បឿនអតិបរមា ៣៥៥គ.ម/ម៉ ដោយអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៨វិនាទី។
រថយន្ត Aventador Ultimate នឹងត្រូវដាក់តាំងបង្ហាញជាផ្លូវការនៅក្នុងកម្មវិធី Goodwood Festival of Speed ចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែកក្កដា ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយទេ៕