ក្រុមហ៊ុន Mercedes-Benz បានបង្ហាញចេញជាផ្លូវការ នូវកំពូលរថយន្ត Sedan ដ៏ប្រណីតជំនាន់ថ្មី S-Class ស៊េរីឆ្នាំ ២០២១ ដែលវានឹងមានដាក់លក់លើទីផ្សារជាមួយជម្រើសច្រើនប្រភេទផ្សេងគ្នា។ សម្រាប់នៅអឺរ៉ុប វាមានប្រភេទម៉ាស៊ីនម៉ាស៊ូត S450, S500, S350d, S350d 4Matic និង S400d 4Matic ហើយនិងម៉ាស៊ីនសាំង S450 និង S500។ ចំណែកនៅអាមេរិកវិញ វាមាន S500 4MATIC និង S580 4MATIC។
S-Class ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងមុខ ខាងក្រោយ ចំហៀង និងកាប៊ីនខាងក្នុងផងដែរ។ វាមានប្រវែង ៥ ១៧៩មីល្លីម៉ែត្រ ទទឹង ១ ៩២១មីល្លីម៉ែត្រ កម្ពស់ ១ ៥០៣មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ១០៦មីល្លីម៉ែត្រ។ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២០ គឺ ប្រវែង ៥ ១១៦មីល្លីម៉ែត្រ ទទឹង ១ ៨៩៩មីល្លីម៉ែត្រ កម្ពស់ ១ ៤៩៦មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ០៣៥មីល្លីម៉ែត្រ ។
ក្រឡេកមកមើលផ្នែកខាងក្នុងវិញ Mercedes-Benz S-Class ថ្មី បានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តប្រភេទ OLED Touchscreen ទំហំ ១២,៨អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ MBUX ជំនាន់ចុងក្រោយ ព្រមទាំងអេក្រង់នៅកៅអីក្រោយ២ ទំហំ ១១,៦អ៊ីញ និងថេប្លេតមួយទៀតផង។
រថយន្ត Sedan ប្រណីតនេះត្រូវគេរំពឹងថានឹងចេញលក់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ ខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលក្រោយ៕