[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការដាក់បង្ហាញចេញនៅតម្លៃរបស់រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ជំនាន់ទី ៥ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ សម្រាប់ម៉ូដែលកូនកាត់ Hybrid ខណៈម៉ូដែល PHEV ថ្មីនឹងដាក់បង្ហាញនៅខែមីនា ឆ្នាំ ២០២៣។
រថយន្តនេះត្រូវបានផ្អែកលើគ្រោងឆ្អឹង Toyota New Global Architecture (TNGA platform) ជំនាន់ទី ២ របស់ក្រុមហ៊ុន Toyota ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅត្រូវបានរចនាថ្មីទាំងស្រុង បានពង្រីកនៃប្រវែងគម្លាតកង់កាន់តែវែងជាងមុន និងបានបំពាក់ជាមួយថាសកង់ទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញជាស្តង់ដារ។ ជាពិសេសនូវផ្នែកខាងមុខមានចង្កៀងមុខប្រភេទ LED ស្រដៀងគ្នាទៅនឹងរថយន្ត Toyota Crown និងមានស្តុបក្រោយឌីស្សាញជាខ្សែបន្ទាត់ប្រវែងវែងផងដែរ។
ជាក់ស្តែងផ្នែកខាងក្នុងវិញគឺត្រូវបានផ្លាស់ប្តូរថ្មីដូចគ្នា ដោយត្រូវបានឌីស្សាញឡើងបែប Island Architecture Styling Language ដែលទាន់សម័យ និងទំនើបជាងមុន និងបានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័របង្ហាញព័ត៌មានបញ្ឈប្រភេទឌីជីថលផងដែរ។
សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ហើយបន្ថែមពីនេះជម្រើសម៉ាស៊ីននេះក៏នឹងបង្កើននៅចម្ងាយនៃការបើកបរឆ្ងាយជាងមុន ៥០% ផងដែរ។
ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid ចំណុះ ២,០ លីត្រ របស់ Toyota ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣ សេះ និងបំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននូវប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។
ចំពោះប្រព័ន្ធសុវត្ថិភាពនៃរថយន្តត្រូវបានភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense រួមជាមួយ កាំម៉េរា Monocular នៅផ្នែកខាងមុខ, កញ្ចក់មើលក្រោយជាប្រភេទឌីជីថល និងប្រព័ន្ធជំនួយការចតរថយន្ត Advanced Park ជាមួយមុខងារ Remote ពីចម្ងាយផងដែរ។