នាយកប្រតិបត្តិក្រុមហ៊ុន Lordstown Motors លោក Steve Burns បានបង្ហាញឲ្យដឹងថារថយន្តភីកអាប់អគ្គិសនីរបស់ខ្លួននឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២២ ខែមិថុនា។
រថយន្តនេះដើមឡើយគឺគ្រោងបង្ហាញមុខក្នុងកម្មវិធី North American International Auto Show នាទីក្រុង Detroit ប៉ុន្តែដោយសារកម្មវិធីត្រូវរំសាយចោលព្រោះជំងឺកូវីដ១៩ ទើបក្រុមហ៊ុនផ្លាស់ប្ដូរផែនការ។ រថយន្តភីកអាប់ម៉ូដែល Endurance នឹងបង្ហាញខ្លួនជាផ្លូវការក្នុងកម្មវិធីប្រជុំរបស់ក្រុមហ៊ុនដែលធ្វើឡើងនៅសប្ដាហ៍នៃថ្ងៃទី ២២ ខែមិថុនា។ ការបង្ហាញចេញនេះនឹងត្រូវថតទុក ហើយបញ្ចេញឲ្យមហាជនបានឃើញមុនដាច់ខែមិថុនា។
ចំពោះលក្ខណៈសម្បត្តិរបស់ភីកអាប់អគ្គិសនីនេះ គេដឹងថាវានឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបួនសម្រាប់ផ្ដល់កម្លាំងដល់កង់ទាំងអស់ ដែលមានកម្លាំងសរុប ៦០០សេះ អាចឲ្យវាស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេល ៥,៥វិនាទី ហើយវាមានល្បឿនអតិបរមាដែលកំណត់ត្រឹម ១២៨ គ.ម/ម៉៕