ជំងឺរាតត្បាតកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មជាច្រើនរួមទាំងឧស្សាហកម្មយានយន្ត ដែលធ្វើឲ្យការប្រកាសចេញរថយន្តថ្មីៗត្រូវពន្យារពេលជាច្រើនខែ។ នាឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Jaguar Land Rover នឹងបង្ហាញចេញរថយន្ត Jaguar XJ អគ្គិសនីជំនាន់ថ្មី និងរថយន្ត Range Rover អគ្គិសនីដំបូងបំផុតផងដែរ ដែលត្រូវពន្យារពេលបន្តិចបន្តួចព្រោះជំងឺកូវីដ១៩។
ដើមឡើយរថយន្ត Jaguar XJ ថ្មី និងរថយន្ត Range Rover អគ្គិសនីគ្រោងបង្ហាញវត្តមាននៅក្នុងខែសីហា និងខែកញ្ញា ប៉ុន្តែបើតាមការចុះផ្សាយរបស់ Autocar បានឲ្យដឹងថារថយន្តអគ្គិសនីទាំងពីរនឹងលើកពេលប្រកាសចេញនៅក្នុងខែតុលា និងខែវិច្ឆិកាវិញ។ នេះបើផ្អែកតាមការលើកឡើងរបស់លោក Adrian Mardell ប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Jaguar Land Rover។
រថយន្តអគ្គិសនីទាំងពីរនឹងផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ JLR មានឈ្មោះថា MLA។ ការចុះផ្សាយរបស់ Autocar បានអះអាងថារថយន្ត Jaguar XJ ថ្មីនឹងមានម៉ូទ័រអគ្គិសនីចំនួនបួន ដែលផលិតកម្លាំងបានសរុប ៨០០សេះ ដែលវានឹងក្លាយជារថយន្តកម្លាំងខ្លាំងជាងគេរបស់ម៉ាក Jaguar៕