[របាយការណ៍] ក្រុមហ៊ុន Hyundai បានធ្វើការបញ្ចេញនូវរថយន្ត Palisade តាំងពីឆ្នាំ២០១៨ មកម្លេះ ក្នុងពិពណ៌រថយន្ត Los Angeles Auto Show និងបញ្ចេញនូវម៉ូឌែលកំណែប្រែថ្មី(Facelifted) នៅឆ្នាំ២០២២។ ជាក់ស្តែង បើយោងតាមការរាយការណ៍ថ្មីពី ETNews បានបង្ហាញថារថយន្តជំនាន់ទី២នឹងត្រូវបង្ហាញខ្លួននៅក្នុងខែ មករា ឆ្នាំ២០២៥ ដោយស្ថិតក្រោមវិស្វកម្ម ដែលមានកូដឈ្មោះ”LX3”។
ជាមួយការផលិតឡើងដោយប្រើប្រាស់នូវកូដ “LX3” ថ្មីនេះ គេជឿជាក់ថា រថយន្ត Palisade នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលនឹងផ្តល់អោយនូវប្រវែងនៃគម្លាតកង់វែងជាងម៉ូឌែលបច្ចុប្បន្ន ដែលមានប្រវែង ៤ ៩៩៥មីលីម៉ែត្រ ហើយបន្ថែមពីនេះ Hyudai ក៏នឹងអាចផ្តល់អោយនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ ២,៥លីត្រ ផងដែរ។
ក្នុងនោះ ETNews ក៏បានលើកឡើងដែរថា Hyundai មានបំណងបោះបង់ចោលនូវម៉ាស៊ីន Natural Aspirated ៣,៨លីត្រ V6 ដោយចង់ផ្តោតនូវម៉ាស៊ីន Turbocharged ៣,៥លីត្រវិញ ដោយជួយអោយកាន់តែសន្សំសំចៃ និងថាមពលច្រើនជាងមុន ដែលអាចលើសពី ២៩១សេះ។
បន្ថែមពីនេះ បើយោងតាមប្រភពដដែលបានបន្ថែមថា Hyundai មានបំណងចង់ផ្តល់អោយ Palisade ជំនាន់ថ្មីនេះ នូវប្រព័ន្ធជំនួយការបើកបរដោយខ្លួនឯង Level 3 ផងដែរ៕