ការប្រើប្រាស់រថយន្តប្រភេទ SUV នៅតាមផ្លូវសម្រាប់ដំណើរផ្សងព្រេងនានា ដែលសម្បូរដីហុយ និង ចុះទឹកផ្សេងៗ គួរតែមានការការពារម៉ាស៊ីនរថយន្តបន្ថែម ដោយការប្រើប្រាស់បំពង់ខ្យល់ ហៅថា Snorkel។
អត្ថប្រយោជន៍ដែលវាផ្តល់ឲ្យ គឺអាស្រ័យលើស្ថានភាពផ្លូវ ដូចខាងក្រោម៖
ការបើកបរនៅលើផ្លូវ
បំពង់ខ្យល់នេះ ក៏នឹងធ្វើឲ្យដំណើរការរថយន្តប្រសើរឡើង ដោយសារតែលំហូរខ្យល់ស្អាត និងសីតុណ្ហភាពទាប បើប្រៀបធៀបទៅនឹងរន្ធខ្យល់ដើមរបស់រថយន្ត។ ជាមួយនឹងការបែរបញ្ច្រាស់ខ្យល់ និងស្ថិតនៅកម្ពស់ខ្ពស់ វានឹងទទួលបាននូវលំហូរខ្យល់ដ៏ល្អប្រសើរមួយ សម្រាប់តម្រូវការរបស់ម៉ាស៊ីន។ អត្ថប្រយោជន៍នេះ នឹងត្រូវបានកត់សម្គាល់យ៉ាងងាយស្រួលក្នុងការបើកបរប្រចាំថ្ងៃ ទាំងល្បឿនមធ្យម និងលឿន ជាមួយនឹងដំណើរការម៉ាស៊ីនល្អ និងកាត់បន្ថយកម្រិតស៊ីប្រេងផងដែរ។
ការបើកបរលើដី
បំពង់ខ្យល់នេះ រក្សាធូលីដីមិនឲ្យចូលទៅក្នុងតម្រងដើមរបស់យានយន្ត និងរក្សាដំណើរការរបស់ម៉ាស៊ីនទៀតផង។ វាស្រូបយកខ្យល់ដែលមានកំហាប់ភាគល្អិតទាបជាងឆ្ងាយពីធូលីដី ដែលបណ្តាលមកពីយានយន្តនៅខាងមុនជាដើម។ មិនតែប៉ុណ្ណោះ វានឹងជួយឲ្យរថយន្តសន្សំសំចៃប្រេងច្រើន ជាពិសេសរក្សាតម្រងឲ្យស្អាត និងធ្វើឲ្យមានលំហូរខ្យល់កាន់តែធំ។
ការបើកបរឆ្លងកាត់ទឹក
ការបើកបររថយន្តឆ្លងកាត់ទឹកទន្លេ ឬទឹកជំនន់ (ទឹកជ្រៅ) បំពង់ខ្យល់នេះនឹងអនុញ្ញាតឲ្យម៉ាស៊ីនដំណើរការធម្មតា និងការពារការខូចខាត តាមរយៈទឹកចូលម៉ាស៊ីនផងដែរ ដោយសារតែវាស្ថិតនៅខ្ពស់៕