
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឲ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះតទៅ។ បណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាពទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។

ដូច្នេះចាប់ពីថ្ងៃនេះតទៅ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី គឺនឹងទទួលបានបណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ដោយត្រូវដាក់ពាក្យសុំចុះបញ្ជីយានជំនិះនៅទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាញ។ ម្ចាស់យានជំនិះ ត្រូវភ្ជាប់មកជាមួយឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។
ជាមួយគ្នានេះ តើក្នុងលក្ខខណ្ឌបែបណាខ្លះ ដែលអាចប្តូរបណ្ណសម្គាល់យានជំនិះប្រភេទចាស់ ដើម្បីយកប្រភេទថ្មីនេះបាន?

យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះកាលពីខែមិថុនា ឆ្នាំ ២០១៩ បានឲ្យដឹងថា បណ្ណសម្គាល់យានជំនិះ ត្រូវប្តូរក្នុងករណីយានជំនិះនោះ ត្រូវបានផ្ទេរកម្មសិទ្ធ ឬត្រូវបានប្តូរពណ៌ ប្តូរម៉ាស៊ីន ឬម្ចាស់កម្មសិទ្ធិប្តូរអាសយដ្ឋានស្នាក់នៅអចិន្ត្រៃយ៍។
ទន្ទឹមនេះ យោងតាមមាត្រា២៣ នៃអនុក្រឹត្យដដែល ឲ្យដឹងទៀតថា ក្នុងករណីបណ្ណសម្គាល់យានជំនិះ ត្រូវបានបាត់ ម្ចាស់យានជំនិះត្រូវដាក់ពាក្យសុំធ្វើទុតិយតា ឬតតិយតាបណ្ណសម្គាល់យានជំនិះ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកសារតម្រូវរួមមាន អត្តសញ្ញាណបណ្ណ, ពាក្យស្នើសុំ (បិទលេខតួ-លេខម៉ាស៊ីន កាល់ជាក់ស្តែង), ពាក្យបណ្តឹងដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងឆៀក។
លក្ខខណ្ឌមួយទៀតគឺក្នុងករណីបណ្ណសម្គាល់យានជំនិះ ត្រូវបានបាក់ រហែក រលុបអក្សរ ឬលេខ ម្ចាស់យានជំនិះ ត្រូវដាក់ពាក្យសុំប្តូរយកបណ្ណសម្គាល់យានជំនិះថ្មី ដោយភ្ជាប់មកជាមួយនូវបណ្ណសម្គាល់យានជំនិះ ដែលបានបាក់ រហែក រលុបអក្សរ ឬលេខនោះ៕



















