រថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២០ ប្រភេទ Hybrid ដែលមានបំពាក់ដោយដំបូលសូឡា នឹងចេញលក់នៅទីផ្សារអាមេរិកខាងជើងឆាប់ៗនេះ ហើយពេលនេះក្រុមហ៊ុនបានប្រាប់ដំណឹងលម្អិតបន្ថែមទៀតជុំវិញប្រព័ន្ធសាកថ្មរបស់ដំបូលសូឡានេះ។
ផ្ទាំងសូឡាគឺត្រូវបានបំពាក់លើដំបូង ដែលវាអាចសាកបញ្ចូលថាមពលឲ្យអាគុយរថយន្ត ទោះបីក្នុងពេលរថយន្តកំពុងបើកបរ ដើម្បីកុំឲ្យអាគុយអស់ថាមពល ជួយសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតសាយភាពទៅបរិយាកាស។
ជាមួយដំបូលនេះ អាចឲ្យរថយន្ត Sonata Hybrid ឆ្នាំ ២០២០ បើកបរបានឆ្ងាយជាងមុនផងដែរ។ ក្រុមហ៊ុនបានលើកឡើងថាប្រព័ន្ធដែលមានមកជាស្តង់ដារនេះ អាចសាកថាមពលអាគុយបាន ៣០ ទៅ ៦០% ក្នុងមួយថ្ងៃ ហើយការសាកថាមពលរយៈពេល ៦ ម៉ោងក្នុងមួយថ្ងៃ អាចបង្កើនរយៈចម្ងាយធ្វើដំណើរបានដល់ ១ ៣០០ គីឡូម៉ែត្រក្នុងមួយឆ្នាំ។
រថយន្តនេះដំណើរការដោយម៉ាស៊ីន Smartstream G2.0 Gdi HEV ភ្ជាប់នឹងប្រអប់លេខ ៦ វគ្គ ជាមួយបច្ចេកវិទ្យា Active Shift Control។ ម៉ាស៊ីននេះបង្កើតកម្លាំងបាន ១៥០ សេះ ហើយផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចជួយបន្ថែមកម្លាំង ៥១ សេះទៀត៕