[បរទេស] រថយន្ត Chevrolet Blazer EV ២០២៤ បានធ្វើការបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសក្នុងកម្មវិធី Consumer Electronic Show កាលពីមួយខែមុន។ ក្រុមហ៊ុន Chevy បានគោរពតាមសន្យាដែលថានឹងផ្តល់អោយរថយន្តរបស់ខ្លួនជាមួយជម្រើសនៃការជ្រើសរើសទាំងប្រភេទប៉ុងមួយ វិលកង់មុខ, កង់ក្រោយ និងប៉ុងពីរ វិលកង់ទាំង៤។ លើសពីនេះក្រុមហ៊ុននេះ ក៏បានផលិតនូវម៉ូឌែលសម្រាប់រថយន្តប៉ូលីសផងដែរ។
រថយន្ត Blazer EV មានជម្រើសម៉ូឌែលចំនួន ៤ម៉ូឌែលគឺ៖
- ម៉ូឌែល 1LT អាចបើកបរបានចម្ងាយ ៣៩៨គីឡូម៉ែត្រនៅពេលសាកពេញម្តង
- ម៉ូឌែល 2LT អាចបើកបរបានចម្ងាយ ៤៧២គីឡូម៉ែត្រនៅពេលសាកពេញម្តង
- ម៉ូឌែល RS អាចបើកបរបានចម្ងាយ ៥១៥គីឡូម៉ែត្រនៅពេលសាកពេញម្តង
- ម៉ូឌែល SS អាចបើកបរបានចម្ងាយ ៤៦៧គីឡូម៉ែត្រនៅពេលសាកពេញម្តង
សម្រាប់ម៉ូឌែលខ្ពស់បំផុត Blazer EV SS អាចផលិតកម្លាំងបាន ៥៥៧សេះ និងកម្លាំងរមួល ៨៧៩ញ៉ូតុនម៉ែត្រ។ ក្នុងនោះរថយន្តនេះក៏គាំទ្រនូវការសាកថ្មរហូតដល់កម្លាំង ១១,៥គីឡូវ៉ាត់ ដែលអាចដោតជាមួយដុំសាក 2 AC ឬ ១៩០គីឡូវ៉ាត់ នៅស្ថានីយ៍សាកល្បឿនលឿន DC ផងដែរ។
ចំពោះម៉ូឌែល LT នឹងទទួលបាននូវផ្នែកខាងក្រៅ Monochromic ដែលភ្ជាប់ស្តង់ដាមកជាមួយថាសកង់ទំហំ ១៩អ៊ីញ។ ម៉ូឌែល RS មានប៉ាណាមុខខ្មៅ និងថាសកង់ទំហំ ២១អ៊ីញ ហើយម៉ូឌែល SS មានបំពាក់ដំបូលខាងលើពណ៌ខ្មៅ និងប្រើថាសកង់ទំហំ ២២អ៊ីញ។
ផ្នែកខាងក្នុង Blazer EV មានការឌីស្សាញយ៉ាងទំនើប និងប្រណិត ដោយភ្ជាប់មកជាមួយអេក្រង់កម្សាន្តទំហំរហូតដល់ទៅ ១៧,៧អ៊ីញ និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១អ៊ីញ បន្ថែមពីនេះក៏មាន នូវកៅអីប្រភេទស្បែកភ្ជាប់ដោយមុខងារកម្តៅ-ត្រជាក់។ ចំពោះចំណុចពិសេសបន្ថែមនៅផ្នែកខាងក្នុងនេះ គឺពុំមានប្រើនូវប៊ូតុងបញ្ឆេះ(Start button)នោះឡើយ ក្នុងករណីចង់បញ្ឆេះរថយន្តគ្រាន់តែជាន់ហ្វ្រាំង នោះរថយន្តនឹងត្រៀមខ្លួនដើម្បីទៅមុខ។
ចំណែកប្រព័ន្ធសុវត្ថិភាព Blazer EV បានភ្ចាប់មកស្តង់ដានូវកញ្ចប់បច្ចេកវិទ្យា Chevy Safe Assistant suit ដែលរួមបញ្ជូលនូវប្រព័ន្ធជំនួយជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ, ប្រព័ន្ធផ្តល់ដំណឹង និងរក្សារថយន្តអោយបើកបរក្នុងគន្លងផ្លូវ, ប្រព័ន្ធជំនួយពេលចូលចំណត និងប្រព័ន្ធមួយចំនួនបន្ថែមទៀត។
សម្រាប់ម៉ូឌែល 2LT និង RS នឹងចេញលក់នារដូវក្តៅ(កំឡុងខែមិថុនា-កញ្ញា) ឆ្នាំ២០២៣ ជាមួយតម្លៃចាប់ពី ៤៧ ៥៩៥ដុល្លារ និង ៥១ ៩៩៥ដុល្លារ។ ចំណែកម៉ូឌែល SS នឹងចេញនូវពេលបន្ទាប់ ជាមួយតម្លៃចាប់ពី ៦៥ ៩៩៥ដុល្លារ និងម៉ូឌែល 1LT នៅត្រីមានទី១ ឆ្នាំ២០២៤ ជាមួយតម្លៃចាប់ពី ៤៤ ៩៩៥ដុល្លារ ហើយម៉ូឌែលសម្រាប់ប៉ូលីសនឹងចេញនៅឆមាសទី១ ឆ្នាំ២០២៤ ៕