Land Rover និង Autohome បានបង្កើតនូវតង់ដាក់លើដំបូលពិសេសសម្រាប់រថយន្ត Defender ស៊េរីថ្មី អាចឲ្យម្ចាស់រថយន្តធ្វើដំណើររុករកដោយមិនបាច់បារម្ភអំពីកន្លែងស្នាក់នៅ។
តង់ពិសេសនេះមានដាក់នៅក្នុងប្រអប់ដែលមានទម្ងន់ស្រាល ហើយវាអាចពន្លាចេញបានយ៉ាងងាយដោយគ្រាន់តែចុចលើប៊ូតុងនៅផ្នែកខាងក្រោយ។ តង់នេះមានច្រកអាចចេញចូលបានទាំងសងខាង ហើយអាចល្មមសម្រាប់មនុស្សធំពីរនាក់ ដែលក្នុងនោះមានកម្រាលក្រាលយ៉ាងប្រណីត មានមកជាមួយខ្នើយកើយ និងមានអំពូលភ្លើង LED ពីក្នុងផងដែរ។ ភ្ជាប់មកជាមួយតង់នេះគឺមាននូវជណ្ដើរអាលុយមីញ៉ូមដែលអាចរក្សាទុកក្នុងកាបូបក្នុងតង់ប្រសិនបើមិនត្រូវការប្រើ។
ពេលពន្លាចេញទៅ តង់នេះមានប្រវែង ២,៣ម៉ែត្រ មានទទឹង ១,៣ម៉ែត្រ និងមានកម្ពស់ ១,៥ម៉ែត្រ។ តង់នេះមានដាក់លក់តាមហាងលក់រថយន្ត Land Rover ឬតាមរយៈវិបសាយ Autohome ដែលមានតម្លៃប្រមាណ ៣ ៤៦០ដុល្លារ មិនទាន់គិតបញ្ចូលថ្លៃពន្ធ៕