
ក្រុមហ៊ុន GWM បានបង្ហាញចេញនូវជម្រើសម៉ាសុីនម៉ាស៊ូតថ្មីនៃរថយន្ត GWM Tank 300 នៅក្នុងកម្មវិធី Bangkok International Motor Show លើកទី ៤៦ ដែលប្រារព្ធឡើងនៅប្រទេសថៃ។ ការបង្ហាញម៉ាស៊ីនថ្មីនេះ មានសារៈសំខាន់មួយសម្រាប់ទីផ្សាររថយន្ត Off-roader នៅប្រទេសថៃ ដោយជម្រើសម៉ាស៊ីនម៉ាស៊ូតនេះនឹងផ្តល់នូវជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ ជាមួយប្រសិទ្ធភាពសន្សំសំចៃជាងមុន។
រថយន្ត GWM Tank 300 នៅប្រទេសថៃ មានតម្លៃលក់ចាប់ពី ២៧ ៧៥០ ដុល្លារ ដល់ ៤១ ៩០០ ដុល្លារ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ២,៤ លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៤សេះ និងកម្លាំងរមួល ៤៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងជម្រើសប៉ុុង 2WD និង 4WD ។
ចំពោះការរចនាផ្នែកខាងក្រៅរបស់ GWM Tank 300 នៅប្រទេសថៃ មានភាពទាក់ទាញជាមុនជាមួយថាសកង់ ១៧ អ៊ីញ និងកញ្ចប់តុបតែងពណ៌ខ្មៅសម្រាប់កញ្ចក់ចំហៀង និងឈ្នាន់ជើង។ សម្រាប់ផ្នែកខាងក្នុងវិញ មានអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ និងប្រព័ន្ធ ADAS ជាច្រើនទៀតផងដែរ៕