
កម្ពុជា កំពុងបង្កើនឯករាជ្យភាពថាមពលអគ្គិសនីរបស់ខ្លួន តាមរយៈការកសាងប្រភពថាមពលផ្សេងៗ ហើយជាពិសេសនៅចុងឆ្នាំ២០២៦នេះ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង នឹងត្រូវបានដាក់ឲ្យដំណើរការសម្រាប់ដំណាក់កាលទី១ និង ២០២៧ សម្រាប់ដំណាក់កាលទី២។

គម្រោងនេះ នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឲ្យបណ្តាញអគ្គិសនីកម្ពុជា។ ជាមួយគ្នានេះ តម្លៃអគ្គិសនី ជាពិសេសតម្លៃនៃការបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ត្រូវបានរំពឹងដែរថា នឹងអាចកាន់តែចុះថ្លៃថែមទៀត ដូចការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
ឯកឧត្តមបានថ្លែងបញ្ជាក់កាលពីចុងខែតុលា ឆ្នាំ២០២៥ថា ផែនការរបស់ក្រសួង គឺធ្វើយ៉ាងណាដើម្បីបន្ទាបតម្លៃនៃការសាកអាគុយរថយន្តអគ្គិសនី ឲ្យស្ថិតនៅក្រោមតម្លៃបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ស្ថានីយសាកអាគុយ EV នឹងត្រូវបង្កើតបន្ថែមនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយក្តីបារម្ភរបស់អ្នកប្រើប្រាស់ ពោលគឺមិនថាទៅដល់ទីណា ក៏មានកន្លែងសាកដែរ ហើយមានល្បឿនលឿនថែមទៀតផង ដោយមិនចំណាយពេលរង់ចាំយូរនោះទេ។

សូមជម្រាបថា តាមរយៈ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាល គឺបានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម។
គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០មេហ្គាវ៉ាត់ ដែលជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន ដែលវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។

ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសាងសង់វារីអគ្គិសនី ១៥០មេហ្កាវ៉ាត់ នៅខេត្តកោះកុង និងពោធិ៍សាត់, គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៤គម្រោង អានុភាព ៤៥០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់ និងគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន ២គម្រោង អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី៕























