តម្លៃជាមធ្យមនៃរថយន្តថ្មីនៅសហរដ្ឋអាមេរិក បានឡើងតម្លៃ ៤ ម៉ឺនដុល្លារមួយគ្រឿង ជាលើកដំបូង។
ស្របពេលដែលអ្នកទិញប្តូរពីរថយន្តដឹកអ្នកដំណើរ ហើយចាប់ផ្តើមទិញរថយន្តប្រភេទ SUV និងរថយន្តភីកអាប់ មិនត្រឹមតែតម្លៃរថយន្តថ្មីបានកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែការបង់ប្រាក់មុន (down payment) ក៏ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានដែរ នៅក្នុងត្រីមាសទី ៤។ ចំនួនប្រាក់កម្ចីជាមធ្យមដែលត្រូវបានខ្ចីដើម្បីផ្តល់ហិរញ្ញប្បទានដល់រថយន្តថ្មី ក៏ជិតដល់តម្លៃខ្ពស់បំផុតដែរ។
គួរឲ្យដឹងថា តម្លៃជាមធ្យមនៃរថយន្តថ្មីនៅសហរដ្ឋអាមេរិក ក្នុងត្រីមាសទី ៤ គឺ ៤០ ១៧៩ ដុល្លារ និងបានកើនឡើងបន្ថែមទៀតដល់ ៤០ ៥៧៣ ដុល្លារក្នុងខែធ្នូ។ ទោះបីជាបែបនេះក៏ដោយ អ្នកប្រើប្រាស់នៅតែចង់ទិញរថយន្តថ្មី ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ១៩ ក៏ដោយ។
យ៉ាងណាក៏ដោយ គេរំពឹងថាតម្លៃនឹងបន្តកើនឡើង។ ការស្រាវជ្រាវពី HIS Markit បានបង្ហាញថា ពាក់កណ្តាលនៃរថយន្តថ្មីដែលត្រូវបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន គឺជារថយន្តប្រភេទ SUV ខណៈ ២០ ភាគរយជារថយន្តភីកអាប់។ ក្រុមហ៊ុនស្រាវជ្រាវខាងលើជឿជាក់ថា ចំណែករបស់រថយន្តប្រភេទ SUV នឹងកើនឡើងដល់ ៥២ ភាគរយនៅឆ្នាំ ២០២១៕