កង្វះរថយន្តនៅលើទីផ្សារកំពុងធ្វើឱ្យតម្លៃយានយន្តដែលប្រើរួចកើនឡើងភ្លាមៗ។ ដោយសារកង្វះខាតបន្ទះឈីបបណ្តាលឱ្យភ្នាក់ងារចែកចាយសម្រេចចិត្តតម្លើងតម្លៃលក់ ខណ:អតិថិជនលែងជាប់ក្នុងស្ថានភាពបិទផ្ទប់។
យោងតាមទិន្នន័យពី Black Book ដែលតាមដានទិន្នន័យរថយន្តធម្មតា និងរថយន្តដឹកទំនិញ របាយការណ៍ Associated Press បានបង្ហាញថាតម្លៃរថយន្តដែលបានប្រើប្រាស់រួច បានកើនឡើងចំនួន ៣០ភាគរយកាលពីឆ្នាំមុន ដែលនាំអោយភ្នាក់ងារចែកចាយមួយចំនួនបានចំណាយលុយច្រើនលើរថយន្តប្រើប្រាស់រួចដែលមានតម្រូវការខ្ពស់ ក្នុងតម្លៃខ្ពស់ជាងតម្លៃចេញពីរោងចក្រ។
តាមរយ: Senior VP of Data Science នៃ Black Book លោក Alex Yurchenko បាននិយាយថា៖ ទីផ្សារនាពេលនេះពិតជាចម្លែកណាស់។ ភ្នាក់ងារចែកចាយត្រូវការរថយន្តស្តុកទុក ដូច្នេះពួកគេកំពុងចំណាយប្រាក់យ៉ាងច្រើន ដោយទិញរថយន្តជជុះជាប្រើនក្នុងតម្លៃខ្ពស់។ បន្ថែមពីនេះ លោក Yurchenko បានរកឃើញថា រថយន្តប្រើប្រាស់រួចចំនួន ៧៣ម៉ូឌែល ដែលរួមបញ្ចូល F-150 Raptor, Jeep Wrangler Unlimited Rubicon ២០១៩ និង AMG G63 ដែលមានតម្លៃកើនឡើងខ្លាំង។ ហើយម៉ូឌែលកំពុងពេញនិយមមួយចំនួនដូចជា Kia Telluride ២០២០ និង Hyundai Palisade កំពុងដាក់លក់លើសពីតម្លៃក្នុងបញ្ជីផងដែរ។
ប៉ុន្តែមានសញ្ញាបង្ហាញថាតម្លៃកំពុងចាប់ផ្តើមធ្លាក់ចុះ។ តម្លៃរថយន្តប្រើរួចបានកើនឡើង ០,៧៥% កាលពីសប្តាហ៍មុន ដែលជាកំណើនប្រចាំសប្តាហ៍ទាបបំផុតក្នុងរយៈពេល ១៧ សប្តាហ៍។ តម្លៃភីកអាប់ និងរថយន្តប្រភេទ SUV បានកើនឡើង ០,៦៨% ដែលជាកំណើនប្រចាំសប្តាហ៍ទាបបំផុតក្នុងរយៈពេល ១៥ សប្តាហ៍។
យោងតាម Yurchenko តម្លៃរថយន្តនឹងវិលត្រឡប់មកធម្មតាវិញហើយរថយន្តដែលប្រើរួចនឹងចុះថ្លៃបន្តទៀត។ ពេលវេលាគឺអាស្រ័យលើរយៈពេលប៉ុន្មាន ដើម្បីទទួលបានឈីបបន្ថែម ដើម្បីឱ្យក្រុមហ៊ុនផលិតរថយន្តអាចផលិតបានធម្មតាវិញ៕