
[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery Fulwin A8 សេរ៊ីឆ្នាំ២០២៥ ប្រភេទ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១១ ១០០ ដុល្លារ ដល់ ១៥ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Chery Fulwin A8 មានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៨៤៣ ម.ម កម្ពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid អាចបើកបរបានចម្ងាយ ៧០ និង ១៤៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងចម្ងាយសរុប ១ ៤០០គីឡូម៉ែត្រ មានកម្រិតស៊ីប្រេង ៤,៥៥លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Chery Fulwin A8 គឺមានលក្ខណៈបែបស្ព័រ ដោយមានចង្កៀងផ្នែកខាងមុខថ្មីរាងស្លីម ប៉ាណាទំហំធំ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថល និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ២៤,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 8155 ក៏ដូចជាបាសសម្លេង កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ L2 ជាដើម៕