តិចនិកបើករថយន្តឡើងភ្នំ ដែលមានផ្លូវកោងបត់បែនច្រើនសារ ឬផ្លូវអន្ទង់អាំង

ជាទូទៅ ផ្លូវឡើងភ្នំ ឬនៅតំបន់ភ្នំ គឺសុទ្ធតែជាផ្លូវកោង ហើយចំណុចខ្លះទៀតមានផ្លូវកោងបត់បែនច្រើនសារ ឬហៅថាផ្លូវអន្ទង់អាំង ដែលអ្នកបើកបរអាចដឹងតាមរយៈផ្លាកសញ្ញាឲ្យប្រុងប្រយ័ត្ន ដូចក្នុងរូបនេះ។

ដូច្នេះ ដើម្បីបង្កើនសុវត្ថិភាពក្នុងការបើកបរនៅលើផ្លូវកោងបែបនេះ សូមអនុវត្តតាមច្បាប់ចរាចរណ៍ និងបច្ចេកទេសខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ល្បឿនកំណត់ៈ អ្នកបើកបរត្រូវបើកក្នុងល្បឿន​ ដោយគោរពតាមផ្លាកសញ្ញាកំណត់ល្បឿន។

២. រក្សាជំហររថយន្តៈ មិនថា ផ្លូវខាងមុខ ជាផ្លូវកោងទៅស្តាំ ឬកោងទៅឆ្វេងឡើយ អ្នកបើកបរត្រូវរក្សាជំហររបស់រថយន្ត ឲ្យនៅក្នុងគន្លងរបស់ខ្លួនជានិច្ច។

៣. ចង្កូតរថយន្តៈ អ្នកបើកបរត្រូវបួងចង្កូតតិច ល្មម ឬខ្លាំង ទៅតាមស្ថានភាពរបស់ផ្លូវកោងនោះ។

៤. ចង្កឹះលេខៈ ប្រសិនបើបើកឡើងចំណោតរាងខ្ពស់ សម្រាប់រថយន្តប្រអប់លេខអូតូ គឺអាចប្តូរពីចង្កឹះលេខ D ចុះមក L ឬលេខ 2 ឬលេខ 1 ដើម្បីកុំឲ្យម៉ាស៊ីនប្រឹងខ្លាំងពេក ឬឡើងមិនរួចជាដើម។ ប្រសិនបើចុះចំណោតខ្លាំង ក៏គួរប្រើលេខទាបបែបនេះផងដែរ ដើម្បីជួយទប់ល្បឿនរថយន្ត ចៀសវាងប្រើហ្វ្រាំងតែមួយមុខ ដែលឆាប់ឲ្យខូចស្បែកហ្វ្រាំង។

៥. ហាមវ៉ាជែងៈ នៅលើផ្លូវកោងដែលអ្នកមិនអាចមើលឃើញពីឧបសគ្គខាងមុខ គឺមិនអាចឡើងវ៉ាជែង​ទាំងប្រថុយនោះទេ។ អ្នកបើកបរ​ត្រូវគោរពជាប់ជានិច្ចនូវផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ដែលហាមឃាត់ការវ៉ាជែង។

៦. ស៊ីផ្លេ ឬវ៉ៃញាក់ភ្លើងហ្វាៈ អ្នកបើកបរ អាចចុចស៊ីផ្លេបន្ថែមនៅចំណុចកោង ពេលថ្ងៃ ឬវ៉ៃញាក់ភ្លើងហ្វាពេលយប់ ដើម្បីផ្តល់សញ្ញា ឲ្យអ្នកមកទិសផ្ទុយបានដឹងផងដែរ។

៧. ពេលមានភ្លៀងធ្លាក់ ឬចុះអ័ព្ទៈ ពេលបើកបរនៅតំបន់ភ្នំ អាចនឹងជួបបញ្ហាអាកាសធាតុ ដូចជាមានភ្លៀងធ្លាក់ ឬចុះអ័ព្ទជាដើម ដែលអ្នកបើកបរអាចបើកភ្លើងកូត ឬអំពូលកាត់អ័ព្ទ ដើម្បីធ្វើជាសញ្ញាសម្រាប់យានយន្តដទៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម