តិចអត់ដឹងថា Toyota Prius ឆ្នាំ២០១០ កំពុងពេញនិយមជិះនៅខ្មែរ ស្ថិតនៅជំនាន់ទីប៉ុន្មាន!

បើក្រឡេកមកមើលទីផ្សារកម្ពុជានាពេកបច្ចុប្បន្ន រថយន្ត Toyota Prius ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយមានចាប់ពីសេរ៊ីឆ្នាំ ២០០៤ ដល់ ២០១២។ ជាមួយភាពពេញនិយមនេះ គឺត្រូវបានចូលរួមជាមួយគុណសម្បត្តិយ៉ាងច្រើន​ ជាក់ស្តែងដូចជាភាពសន្សំសំចៃ តម្លៃសមរម្យ និងរូបរាងសមល្មមក្នុងការធ្វើដំណើរនៅលើដងផ្លូវ ជាពិសេសសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង ឬផ្លូវរាបស្មើរ។ ចំណាប់អារម្មណ៌របស់ក្រុមការងារខេមបូអូតូនៅពេលនេះ គឺសុំលើកយករថយន្ត Toyota Prius ឆ្នាំ២០១០ ថាតើវាស្ថិតនៅក្នុងជំនាន់ទីប៉ុន្មាន?

ជំនាន់ទី១៖ មុននឹងនិយាយដល់ជំនាន់របស់រថយន្ត Prius ឆ្នាំ២០១០នេះ យើងមកស្គាល់ពាក្យថា “Prius” នេះសិន ដោយពាក្យនេះមកពីអក្សរឡាំតាំងដែលមានន័យថា “ដំបូងគេ”, “មុនគេ”, “អស្ចារ្យ”, “នាំមុខគេ” ហើយវាបានឆ្លងកាត់នូវការផ្លាស់ប្តូរ ២ជំនាន់រួចមកហើយ ដោយជំនាន់ទី១ បានបង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៥ ជារថយន្តគំរូហាយព្រីត នៅក្នុងពិពរណ៌រថយន្តទីក្រុងតូក្យូ និងបានធ្វើការសាកល្បងជាហូរហែ រហូតដល់ចេញលក់ដំបូងគេនៅលើទីផ្សារប្រទេសជប៉ុនតែមួយគត់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧។ នៅពេលនោះផងដែរ ក៏មានការនាំចេញជាលក្ខណៈឯកជនទៅលក់នៅសហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ជាដើមផងដែរ។ នៅជំនាន់ទី១នេះ រថយន្តមួយនេះបានក្លាយជារថយន្តអាគុយហាយព្រីត និងសាំងដំបូងគេនៅលើពិភពលោក។ ហើយក៏ទទួលបានពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ជប៉ុន នៅឆ្នាំ១៩៩៧ និងនៅឆ្នាំ១៩៩៨ ពានរង្វាន់ Automotive Researchers’ and Journalists’ Conference Car of the Year នៅប្រទេសជប៉ុនផងដែរ។

រថយន្ត Toyota Prius ជំនាន់ទី១ ម៉ូឌែល NHW10

ដោយបានចាប់ផ្តើមការផលិតនៅខែធ្នូ ឆ្នាំ ១៩៩៧ និងបញ្ចប់ការផលិតនៅខែកុម្ភៈ ឆ្នាំ ២០០០ បន្ទាប់ពីការផលិតបានចំននួន ៣៧ ៤២៥ គ្រឿង។ ក្នុងនោះ រចនាបទ Prius ជំនាន់ទី១ មានប្រភពមកពីអ្នករចនារដ្ឋ California ដែលត្រូវបានជ្រើសរើសលើការរចនាប្រកួតប្រជែងពីស្ទូឌីយ៉ូរចនា Toyota ផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្ត Toyota Prius ជំនាន់ទី១ ម៉ូឌែល NHW11

ជំនាន់ទី២៖ ខណៈជំនាន់ទី២ ត្រូវបានបង្ហាញខ្លួននៅឆ្នាំ២០០៣ ក្នុងពិពណ៌រថយន្ត New York International Auto Show សម្រាប់ម៉ូដែលឆ្នាំ ២០០៤ របស់សហរដ្ឋអាមេរិក ហើយវាបានក្លាយជារថយន្តដែលមានបំភាយឧស្ម័នតិចជាងជំនាន់មុន និងមានប្រវែងវែងជាងមុន ១៥០មម។

បន្ថែមពីនេះ ការផលិតបានចាប់ផ្តើមនៅខែសីហា ឆ្នាំ ២០០៣ នៅរោងចក្រ Tsutsumi ក្នុងក្រុមហ៊ុន Toyota ក្នុងទីក្រុង Aichi និងបានបំពេញបន្ថែមជាមួយរោងចក្រ Fujimatsu នៅ Kariya កណ្តាលទីក្រុង Aichi ។ ហើយចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ រថយន្ត Prius ជំនាន់ទី ២ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន FAW-Toyota នៅក្នុងទីក្រុង Changchun សម្រាប់ទីផ្សារប្រទេសចិន ជាមួយការលក់បានចំនួន ២ ១៥២គ្រឿងនៅឆ្នាំ២០០៦ និង ៤១៤គ្រឿងនៅឆ្នាំ២០០៧។ រហូតដល់ឆ្នាំ២០០៨ Toyota Prius Hybrid ត្រូវបាននាំចូលទីកាន់ទីផ្សារប្រទេសចិនវិញ បន្ទាប់ពីចំនួនលក់នៅឆ្នាំ២០០៧ លក់បានតិច ដោយសារតែតម្លៃថ្លៃជាងទីផ្សារប្រទេសជប៉ុន និងអាមេរិចជាង ១ម៉ឺន ដែលបណ្តាលមកគ្រឿងបរិក្ខានាំចូលថ្លៃ។ ប៉ុន្តែនៅដើមខែមីនា ឆ្នាំ២០០៨ Toyota បានធ្វើការបញ្ចុះតម្លៃ ៣០០០ដុល្លារសម្រាប់រថយន្តនេះអោយនៅត្រឹម ៣៦ ៥០០ដុល្លារប៉ុណ្ណោះ។ ក្នុងនោះ Toyota បានលក់រថយន្ត Prius ជំនាន់ទីពីរចំនួន ១,១៩២,០០០ គ្រឿងទូទាំងពិភពលោក។

រថយន្ត Toyota Prius ជំនាន់ទី២

ជំនាន់ទី៣៖ លុះដល់ឆ្នាំ ២០០៩ Toyota បានបង្ហាញរថយន្ត Prius ជំនាន់ទី៣ ដែលជាសេរ៊ីឆ្នាំ ២០១០ នៅឯពិព័រណ៍ North American International Auto Show នៅខែមករា ឆ្នាំ ២០០៩ និងបានចេញលក់នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី ១៨ ខែ​ឧសភា ឆ្នាំ២០០៩។ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៣ ក្រុមហ៊ុន Toyota បានលក់រថយន្ត Prius ជំនាន់ទី៣ បានចំនួន ១,៦៨៨,០០០ នៅទូទាំងពិភពលោក។

សម្រាប់រថយន្តជំនាន់ទី៣ ដែលកំពុងពេញនិយមប្រើប្រាស់នៅកម្ពុជានាពេលសព្វថ្ងៃនេះត្រូវបានផលិតធ្វើឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Toyota New MC platform មានប្រវែងតួខ្លួនសរុប ៤ ៤៦០មម ដល់ ៤ ៤៨១មម, ទទឹង ១ ៧៤៥ មម, កំពស់ ១ ៤៨០-១ ៤៩១មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០មម។

រថយន្ត Toyota Prius ជំនាន់ទី៣

បន្ថែមពីនេះ រថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ​ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ដោយបើកបរនៅក្នុងទីក្រុងមានកម្រិតស៊ីសាំង ៤,៦លីត្រក្នុងចំងាយ ១០០គីឡូម៉ែត្រ និង ៤,៩លីត្រ សម្រាប់ការបើកបរផ្លូវក្រៅក្រុង។ ក្នុងនេះផងដែរ រថយន្តនេះបានភ្ជាប់មកជាមួយជម្រើសបើកបរចំនួន ៣ប្រភេទគឺ EV mode សម្រាប់ការបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ, Eco mode សម្រាប់ការការសន្សំសំចៃ និង Power mode សម្រាប់ការបង្កើនថាមពលកាន់តែប្រសើរ។

លើសពីនេះរថយន្តនេះក៏បំពាក់មកជាមួយដំបូល Solar-PV សម្រាប់ជួយធ្វើអោយក្នុងកាប៊ីនរថយន្តត្រជាក់, Intelligent Parking Assist, Lane Keep Assist និង Dynamic Radar Cruise Control។

ជំនាន់ទី៤៖ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះរថយន្ត Prius មានអាយុកាលចំនួន ៤ជំនាន់រួចមកហើយ ដោយជំនាន់ទី៤ ត្រូវបានបង្ហាញជាលើកដំបូងក្នុងខែកញ្ញា ឆ្នាំ ២០១៥ នៅ Las Vegas ហើយត្រូវបានបញ្ចេញសម្រាប់អតិថិជននៅក្នុងប្រទេសជប៉ុននៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៥ ជាមួយការអភិវឌ្ឍន៍បន្ថែមថ្មីទៅលើរថយន្តជំនាន់ថ្មីនេះ ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង TNGA Platform៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម