តូចតែខ្លឹម! ឡានអគ្គិសនីសុទ្ធ Mitsubishi eK X សាកថ្មម្តងជិះបាន ១៨០គីឡូម៉ែត្រ តម្លៃខ្ទង់ ២មុឺនដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi សហការជាមួយ Nissan បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិស​នីសុទ្ធ Mitsubishi eK X ជាផ្លូវការជាមួយតម្លៃចាប់​ពី ១៨ ៧៩៧ ដុល្លារ នៅក្នុងប្រទេសជប៉ុន ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ Mitsubishi eK X ដែលផ្អែកលើមូលដ្ឋានដូចគ្នាទៅនឹងរថយន្ត Nissan Sakura ដែលប្រវែងតួខ្លួនសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតងកង់មុខ-ក្រោយ ២ ៤៨៥ ម.ម។ ប៉ុន្តែមានការរចនារូបរាងស្រដៀងទៅនឹងរថយន្ត Outlander ដែលត្រូវបានបង្រួញចុះ ដើម្បីបំពេញតាមលក្ខណៈបច្ចេកទេសរបស់រថយន្ត Kei ក្នុងប្រទេសជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងរបស់ Mitsubishi eK X EV បំពាក់បាន ៤កៅអី ជាមួយកៅអីបែប semi-bench នៅខាងមុខ បំពាក់ដោយអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ប្រព័ន្ធ Mitsubishi Connect អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏អាចជ្រើសរើសដំឡើងម៉ាស៊ីន កញ្ចក់មើលខាងក្រោយឌីជីថល និងកាមេរ៉ាមួយជុំរថយន្តជាជម្រើសផងដែរ។

ថ្វីត្បិតតែជារថយន្តតូច ជាមួយតម្លៃទាបក៏ដោយ ប៉ុន្តែ Mitsubishi eK X EV ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ជាច្រើន ដូចជាប្រព័ន្ធបើកបរ semi-autonomous MI-PILOT រួមបញ្ចូលគ្នាជាមួយ Adaptive Cruise Control (ACC) និង Adaptive Assist, Lane (LKA) ដើម្បីជួយកាត់បន្ថយភាពបើកបរពេលនៅលើផ្លូវល្បឿនលឿន ឬផ្លូវហាយវេ។ រួមទាំងប្រព័ន្ធជំនួយការចតដោយស្វ័យប្រវត្តិ MI-PILOT Parking ជាមួយសេនស័រចំនួន ១២ចំនុច ជុំវិញរថយន្តជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Mitsubishi eK X ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលមានកម្លាំង ៦៤ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងអាគុយ lithium-ion ទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ក្រោមស្តង់ដារតេស្ត WLTC របស់ជប៉ុន គាំទ្រសាកលឿនដល់ ៨០% ក្នុងរយៈពេលប្រហែល ៤០ នាទី និងគាំទ្រប្រព័ន្ធ V2L (Vehicle to Load) និង V2H (Vehicle to Home) សម្រាប់ផ្គត់ផ្គង់ថាមពលដល់ឧបករណ៍អគ្គិសនី ឬសូម្បីតែផ្ទះទាំងមូល ក្នុងករណីមានការដាច់ចរន្តអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម