តើការបើកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ត្រូវមានលក្ខខណ្ឌ និងមានអត្ថប្រយោជន៍អ្វីខ្លះ?

រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា លក្ខខណ្ឌក្នុងការទទួលបានអាជ្ញាបណ្ណ ត្រូវមាន៖

១. មានលិខិតអនុញ្ញាតឲ្យវិនិយោគពីក្រសួងរ៉ែ និងថាមពល

២. មានកិច្ចព្រមព្រៀងលក់-ទិញអគ្គិសនី​ជាមួយអ្នកផ្គត់ផ្គង់អគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម។

គួរដឹងថា កាលពីខែតុលាកន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បាន​សម្រេចកំណត់​តម្លៃ​នៃការបញ្ចូលថាមពលសម្រាប់​ស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនី រួមមានដូចខាងក្រោម:

១. ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ ១០៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

២. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿន Fast Charge អនុភាពរហូតដល់ 250 kw តម្លៃ ១៣៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

៣. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿនខ្លាំង Super-fast Charge អនុភាពលើសពី 250 kw ឡើង តម្លៃ ១៤៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

​បើតាម​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម