កាលពីពេលថ្មីៗទៅនេះ ក្រុមហ៊ុន Honda ទើបតែធ្វើការចេញលក់ជាផ្លូវការនូវម៉ូតូ PCX 160 សេរ៊ីឆ្នាំ២០២២ ដែលជាម៉ូឌែលប្រភេទស្ព័រ នៃត្រកូលម៉ូតូប្រភេទ Scooter 160cc របស់ Honda ជាមួយជម្រើសពណ៌ និងក្រាហ្វិចផ្តាច់មុខ ដែលមានពណ៌ក្រហម និងកញ្ចក់ខាងមុខថ្លា។ ជាមួយការចេញលក់នេះម៉ូតូនេះក៏បានភ្ជាប់មកថ្មីជាមួយកន្លែងដាក់ជើងប្រភេទអាលុយមីញ៉ូម ដែលផ្តល់នូវភាពស្ព័រ និងប្រណិតបន្ថែមទៀត។ ចំណែកម៉ាស៊ីនគឺវានៅតែដំណើរការដោយម៉ាស៊ីន ១៦០សេសេ ប្រភេទ eSP+ រួមជាមួយប្រព័ន្ធ HSTC ដែលមានទំហំ ១ស៊ីឡាំង និងប្រព័ន្ធស្អំម៉ាស៊ីន liquid-coold ដែលអាចម៉ូតូនេះផលិតកម្លាំងបាន ១៥,៨សេះ និង1.5kgfm/15Nm នៃកំលាំង torque។ ហើយក្រឡេកទៅមើលកន្លែងផ្ទុកឥវ៉ាន់ដែលស្ថិតនៅក្រោមកែបម៉ូតូនេះផងដែរគឺមានទំហំរហូតដល់ ៣០,៤លីត្រ ដែលអាចអោយម្ចាស់ដាក់មួកសុវត្ថិភាព និងឥវ៉ាន់បានយ៉ាងច្រើនផងដែរ។
ក្រឡេកមកមើលម៉ូតូ Royal Enfield Meteor 350cc ឯណេះវិញ វាគឺជាម៉ូតូផ្សងព្រេងខ្នាតធំ ដែលបានឈានជើងមកកាន់ទីផ្សារប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅ ជាមួយនឹងជម្រើសចំនួន ៣ប្រភេទ និង៧ពណ៌ ដែលជាការនាំអារម្មណ៍ថ្មីដ៏អស្ចារ្យ ជាមួយការបង្ហាញចេញ និងបច្ចេកវិទ្យាកាន់តែទំនើប។ ជាមួយបច្ចេកវិទ្យាដ៏ទំនើបនោះ មុខងារពិសេសរបស់ Meteor មិនអាចជាអ្វីផ្សេងក្រៅពីប្រព័ន្ធ Tripper Navigation & រន្ធសាក USB នោះឡើយ។ លើសពីនេះការធ្វើដំណើរជាមួយ Meteor 350cc វានឹងធ្វើឱ្យអ្នកមានភាពសប្បាយរីករាយក៏ដូចជាអារម្មណ៍ញាប់ញ័រជាងមុនជាមួយម៉ាស៊ីន SOHC, long Stroke និងថាមពលនៃម៉ាស៊ីនរបស់វា ដែលជួយអោយការធ្វើដំណើរកាន់តែរលូន និងរស់រវើក។
ជាមួយនឹងតម្លៃស្ទើរតែដូចគ្នា ប៉ុន្តែគុណភាព លក្ខណៈពិសេស និងសមត្ថភាព ម៉ូតូ PCX 2022 & Royal Enfield Meteor 2022 បានក្លាយជាចំណីអារម្មណ៍មួយសម្រាប់អ្នកចូលចិត្តជិះម៉ូតូភាគច្រើន ម៉ូតូ PCX & Meteor គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរប្រចាំថ្ងៃក្នុងទីក្រុង។ ជាមួយនឹងការធ្វើដំណើរជារៀងរាល់ថ្ងៃ Meteor ផ្តល់នូវការជិះយ៉ាងរលូន និងងាយស្រួលក្នុងការធ្វើដំណើរ ជាមួយទម្ងន់ដ៏ស្រាលរបស់វា។ សម្រាប់ PCX វាជាម៉ូតូ Scooter ដែលជាម៉ូតូប្រភេទអូតូមួយម៉ូឌែល ដែលផ្តល់នូវផាសុកភាពសម្រាប់គ្រប់ជំនាន់ ខណៈពេលដែល Meteor ដំណើរការដោយលេខដៃ ប្រភេទ 4 strokes។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចូលចិត្តធ្វើដំនើរទៅផ្លូវខេត្ត ផ្លូវប្រភេទ Off-road និងការធ្វើដំណើរឆ្ងាយ តម្រូវការអ្នកគឺ Meteor ដែលវាមានម៉ាស៊ីនធំជាង PCX ។ ខណៈពេល PCX មិនសូវជាសមសម្របសម្រាប់ការជិះតាមខេត្តព្រោះតែវាមានខ្លួនធំហើយម៉ាស៊ីនតូច។
សម្រាប់ចំនុចពិសេសមួយទៀត ដែលអ្នកអាចពិចារណាបានផងដែរ គឺប្រព័ន្ធខ្យល់ Air System ដែលវាត្រូវបានគេដឹងថា ម៉ាស៊ីន PCX ងាយស្រូបភាពកខ្វក់ចូលទៅក្នុងម៉ាស៊ីនបានយ៉ាងងាយ ខណៈដែលប្រព័ន្ធខ្យល់ Meteor ត្រូវបានបំពាក់នៅក្រោមកៅអី (កន្លែងផ្ទុក) ដែលជួយអោយម៉ាស៊ីនម៉ូតូមិនងាយកខ្វក់និងស្រូបដីចូលទៅតាមប្រព័ន្ធខ្យល់ងាយៗនោះទេ។ ប្រសិនបើអ្នកកំពុងស្វែងរកម៉ូតូដែលប្រើប្រាស់បានយូរនោះអ្នកអាចក្រលេកមើលជាមួយ Royal Enfield ដោយសារតែការសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ជាមួយការផលិតដូចជាសមាសភាពដែលធ្វើឡើងពីលោហះដែកនិងកំលាំងម៉ាស៊ីនធំ ជាមួយការផ្តល់នូវជម្រើសនៃការធ្វើដំណើរទាំងក្នុងទីក្រុងនិងតាមបណ្តាខេត្ត។
សម្រាប់បទពិសោធន៍នៃការធ្វើដំណើរ ប្រសិនបើអ្នកទើបតែចាប់ផ្តើមជិះម៉ូតូ ហើយចូលចិត្តភាពរំភើបញាប់ញ័រជាមួយនឹងស្ទីលនៃការជិះថ្មីៗនោះ អ្នកគួរតែព្យាយាម Upgrade ទៅ Meteor ប៉ុន្តែប្រសិនបើអ្នកចូលចិត្តការជិះធម្មតាហើយផ្តោតទៅលើការធ្វើដំណើរប្រចាំថ្ងៃអ្នកច្បាស់ជាជ្រើសរើសជាមួយម៉ូតូ PCX ស្ទីលបែបយុវវ័យអមមកជាមួយរូបរាងបែបស្ព័រដ៏ឡូយឆាយ។ ជាមួយនឹងកម្រិតតម្លៃ PCX ចាប់ផ្តើមពី ៤៤៣០- ៤៦០០ដុល្លារ ខណៈម៉ូតូ Meteor មានតម្លៃចាប់ពី ៤២៥០- ៤៥០០ដុល្លារ រួមជាមួយនឹងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយនឹង សេវាកម្មរោងជាង បូករួមនិងការធានារយៈពេល ២ឆ្នាំ៕