តើប្រព័ន្ធម៉ាស៊ីនរថយន្ត ត្រូវបែងចែកជាប៉ុន្មានផ្នែក?

មុខងារ​របស់​ប្រព័ន្ធម៉ាស៊ីនរថយន្ត គឺជាអ្នកបម្លែងសាំង ទៅជាថាមពលមេកានិច ដើម្បីឲ្យរថយន្តដំណើរការ ពោលវាគឺជាបេះដូងរបស់រថយន្ត។ ប្រព័ន្ធម៉ាស៊ីននេះ ត្រូវបានផ្គុំឡើងដោយគ្រឿងបង្គុំជាច្រើន និងបែងចែកជា ៣ផ្នែកសំខាន់ៗ គឺក្បាលគុយឡាស់ ប្លុកស៊ីឡាំង និងផ្នែកខាងក្រោមស៊ីឡាំងដែលជាកន្លែងកាទែប្រេង។

១. ក្បាលគុយឡាស់៖ ជាផ្នែកដែលស្ថិតនៅលើគេនៃម៉ាស៊ីន មានតួនាទីសំខាន់ៗ ដូចជា រក្សាបំណែន​នៃម៉ាស៊ីន គ្រប់គ្រងលំហូរល្បាយខ្យល់ ឥន្ធនៈ ការបញ្ចេញឧស្ម័ន និងគ្រប់គ្រងសីតុណ្ហភាព។ ក្នុងផ្នែកនេះ វាក៏ត្រូវភ្ជាប់មកជាមួយរ៉ងក្បាលគុយឡាស់ដើម្បីបិទជិតមិនឲ្យមានការលេចជ្រាបចូលគ្នារវាងប្រេង និងទឹកចូលដល់ក្នុងបន្ទប់ចំហេះឡើយ។ គ្រឿងបង្គុំសំខាន់ៗដែលស្ថិតក្នុងផ្នែកនេះ មានដូចជា ស៊ូប៉ាប់ ម៉ូប៊ីន ប៊ូស៊ី និងប៊ិចសាំងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ប្លុកស៊ីឡាំង៖ វាជាទីកន្លែងនៃស៊ីឡាំង ពីស្តុង និងឡាបអាកាម ពោលវាគឺជាកន្លែងនៃបន្ទប់ចំហេះតែម្តង។ ក្នុងផ្នែកនេះ វាក៏ជាកន្លែងនៃផ្លូវឆ្លងកាត់របស់ទឹកស្អំ ដើម្បីទប់កម្តៅម៉ាស៊ីន មិនឲ្យឡើងហួសកម្រិត និងជាកន្លែងដែលប្រេងហូររំអិលដល់គ្រឿងបង្គុំផ្សេងៗ។

៣. ផ្នែកខាងក្រោមស៊ីឡាំង ឬកាទែប្រេង៖ វាជាទីតាំងដែលស្ថិតនៅបាតម៉ាស៊ីន ជាកន្លែងផ្ទុកប្រេងម៉ាស៊ីន ដែលហូរត្រឡប់មកពីប្លុកស៊ីឡាំង ក្រោយពេលពន្លត់ម៉ាស៊ីនរថយន្ត។ នៅក្នុងផ្នែកនេះ ក៏មានបូមប្រេង ដែលវាមានតួនាទីជាអ្នកនាំយកប្រេងពីក្នុងកាទែ ចូលទៅរំអិលដល់គ្រឿងបង្គុំផងដែរ នៅពេលបញ្ឆេះម៉ាស៊ីន​រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម