យោងតាមមាត្រា២៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ចែងថា នៅពេលកំពុងបំពេញភារកិច្ច យានមានសិទ្ធិអាទិភាពដូចជា យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺអាចបើកបរបានដោយមិនខុសច្បាប់រួមមានដូចជា៖
១-បញ្ច្រាសទិសនៅលើផ្លូវឯកទិស
២-នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម
៣-ក្នុងល្បឿនមិនកំណត់
៤-មានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
៥-កាត់ឬជាន់ខ្សែគំនូសបង្ហូតជាប់។

គួរបញ្ជាក់ដែរថា ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត និងត្រូវគោរពសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ ជាដាច់ខាត។
គួរដឹងដែរថា យានដែលមានសិទ្ធិអាទិភាពទាំងនេះ ត្រូវបានបំពាក់ភ្លើងសញ្ញាពិសេស គឺជាភ្លើងបន្ថែមមានជះពន្លឺផ្លេកបន្ទោរភ្លឹបភ្លែតៗវិលជុំវិញ និងមានពណ៌ខៀវ ឬក្រហម ព្រមទាំងបំពាក់សញ្ញាសូរសព្ទពិសេសផងដែរពោលគឺជាសំឡេងស៊ីរ៉ែនរោទិ៍។ ចំណែកយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យ មានបន្ថែមសំឡេងរោទិ៍ពីរដងឡើងចុះៗ។

ដូច្នេះ នៅពេលលោកអ្នកបានជួបយានដែលមានសិទ្ធិអាទិភាពដែលកំពុងបំពេញភារកិច្ចទាំងនេះ គឺត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬឈប់ដើម្បីទុកឲ្យយានទាំងនេះ ជែងជៀស ឬឆ្លងកាត់ដោយងាយស្រួល៕



















