BMW កំពុងតែវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនាពេលអនាគត ហើយថ្មីៗនេះបានប្រកាសចេញរថយន្តត្រកូល 7-series ប្រើថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់ ហៅថា BMW i7 xDrive60។
១) ការរចនាផ្នែកខាងក្រៅ
រថយន្ត BMW i7 xDrive60 មានការឌីហ្សាញកាត់តាមម៉ូដែលប្រើសាំង BMW 7-series ប៉ុន្តែបានបង្កប់ DNA បែបអនាគតនៅក្នុងនោះជាច្រើន។ វាបំពាក់អំពូល Daytime Running Light រាងស្លីមនៅខាងលើ ខណៈចង្កៀងមុខវាយកមកដាក់នៅខាងក្រោមវិញ អមដោយប៉ាណាមុខភ្លោះប្រចាំត្រកូលបញ្ឈរដ៏ធំ។ ចំណែកឯផ្នែកចំហៀងវិញ យើងនឹងអាចមើលឃើញរូបរាងដ៏វែងរបស់វា ស្រដៀងទៅនឹងរថយន្ត BMW 7-series ប្រើសាំងដែរ ប៉ុន្តែអ្វីដែលខុសគ្នា គឺការឌីហ្សាញស្តុបក្រោយ LED ដូចស្លាបសត្វ ដែលមើលទៅ Smooth និង Clean ជាង។
២) ការរចនាផ្នែកខាងក្នុង
ចូលទៅមើលផ្នែកខាងក្នុងវិញ វាមានភាពធំទូលាយ, ទំនើប និង ប្រណីត ដូចទៅនឹងម៉ូដែល 7-series ប្រើសាំងដែរ ហើយអ្វីដែលពិសេសនោះ គឺការផ្តល់នូវ Option Executive Lounge Package ដែលប្តូរកៅអីក្រោយធម្មតាចេញ ដាក់កៅអីសាឡុងធំ មានមុខងារកាច់ឡើងចុះ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង ខ្នើយកល់កទៀតផង។
មិនតែប៉ុណ្ណោះ ដោយសារតែ i7 ខ្ចីតាបឡូឌីជីថលពីម៉ូដែល BMW iX SUV ដូច្នេះវាក៏បំពាក់កុងទ័រឌីជីថល និង អេក្រង់កម្សាន្ត អណ្តែត លើបន្ទះកញ្ចក់តែមួយផ្ទាំងប៉ុណ្ណោះ។ រឹតតែពិសេសនោះគឺ វាក៏មាន Option អេក្រង់កម្សាន្តនៅកៅអីក្រោយ ទំហំដល់ទៅ ៣១,៣អ៊ីញ ដែលអាចមើល Netflix, Hulu និង YouTube តាមរយៈប្រព័ន្ធ 5G លើរថយន្ត ទៀតផង។
៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ
ចំពោះប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ មានដូចជា hands-free driving mode សម្រាប់ប្រើលើផ្លូវ highway និងប្រព័ន្ធជំនួយចូលចត parking assistant system ដែលអនុញ្ញាតឲ្យអ្នកបើកបរចេញពីរថយន្ត ហើយចតរថយន្ត តាមរយៈកម្មវិធីលើស្មាតហ្វូន, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ automated emergency braking with pedestrian detection, ប្រព័ន្ធ lane-departure warning with lane-keeping assist និង ប្រព័ន្ធ adaptive cruise control ជាដើម។
៤) ថាមពលម៉ាស៊ីន
រថយន្ត BMW i7 xDrive60 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៤៤ញ៉ូតុនម៉ែត្រ ប្រើប៉ុង២។ វាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តនេះបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០១,៧គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣០០មាយ៍ ឬ ៤៨៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាក៏គាំទ្រល្បឿនសាកថ្មលឿនដល់ ១៩៥គីឡូវ៉ាត់ ដែល BMW អះអាងថា អាចសាកបានចម្ងាយ ១២៨គីឡូម៉ែត្រ ដោយប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។
៥) តម្លៃ
រថយន្ត BMW i7 xDrive60 នឹងមានតម្លៃចាប់ពីខ្ទង់ ១១០០០០ដុល្លារ នៅសហរដ្ឋអាមេរិក ហើយនឹងដឹកឲ្យដល់ដៃអតិថិជននៅត្រីមាសទី៤ ឆ្នាំ២០២២ នេះតែម្តង៕