រថយន្តថ្មីខ្លាញ់គោ ដែលទើបតែត្រូវបានទិញក្នុងឆ្នាំ២០២៥នេះ គឺមានសិទ្ធិដាក់ផ្លាកលេខអ្វីក៏បានដែរមិនថាផ្លាកលេខឆ្នាំទាប ឆ្នាំខ្ពស់ មូយអក្សរ ឬពីរអក្សរក៏ដោយ ឲ្យតែស្របច្បាប់ ហើយឲ្យតែផ្លាកលេខនោះមិនទាន់មានម្ចាស់កម្មសិទ្ធិ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា។ ពេលខ្លះម្ចាស់រថយន្តស្រលាញ់លំដាប់អក្សរទាប ក៏ជាសេរីភាពស្របច្បាប់ នៃការជ្រើសរើសរបស់គាត់ ឲ្យតែផ្លាកលេខនោះមិនទាន់លក់ចេញបំពាក់លើរថយន្តដទៃ។

នៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នកនៅតាមដងផ្លូវដោយស្របច្បាប់ លោកអ្នកត្រូវតែធ្វើការចុះបញ្ជីយានជំនិះ ទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការចុះបញ្ជីរថយន្ត លោកអ្នកអាចធ្វើការស្នើសុំចុះបញ្ជីដោយខ្លួនឯងបានតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh ដោយលោកអ្នកអាចជ្រើសរើសផ្លាកលេខដែលលោកអ្នកពេញចិត្ត ហើយធ្វើការបំពេញព័ត៌មានចុះបញ្ជីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើការចំណាយក្រៅផ្លូវការផ្សេងៗ។
លក្ខខណ្ឌដែលអាចចុះបញ្ជីរថយន្តដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានរថយន្ត ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល លិខិតទិញលក់រថយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់ម្ចាស់រថយន្ត។ សម្រាប់តម្លៃសេវានៃការចុះបញ្ជីរថយន្ត លោកអ្នកត្រូវបង់ប្រាក់ចំនួន ១២៥ ០០០ រៀល បូកជាមួយនឹងតម្លៃផ្លាកលេខនីមួយៗដែលលោកអ្នកពេញចិត្ត៕





















