តើវិញ្ញាសាប្រឡងទ្រឹស្តី និងដៃចង្កូត សម្រាប់ការប្រឡងយកបណ្ណបើកបរ មានកំហុសប៉ុន្មានពិន្ទុ ទើបត្រូវធ្លាក់?

វិញ្ញាសាប្រឡងទ្រឹស្តីសម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល មាន ៥វិញ្ញាសា ក្នុងនោះ ៤០សំណួរមានចម្លើយស្រាប់ គឺស្មើនឹង ៤០ពិន្ទុ ហើយសំណួរនីមួយៗមានចម្លើយពី ២ ទៅ ៤ ដែលមានចម្លើយពី ១ ទៅ ២ ជាចម្លើយត្រូវ។

យោងតាមប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ ឲ្យដឹងថា វិញ្ញាសាប្រឡងទ្រឹស្តីមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាន ១៥សំណួរ ស្មើនឹង ១៥ពិន្ទុ

២. ផ្លាកសញ្ញាចរាចរណ៍ មាន ១០សំណួរ ស្មើនឹង ១០ពិន្ទុ

៣. សិទ្ធិអាទិភាពនៅត្រង់ប្រសព្វ មាន ៥សំណួរ ស្មើនឹង ៥ពិន្ទុ

៤. ការត្រួតពិនិត្យរថយន្តធុនស្រាល មាន ៥សំណួរ ស្មើនឹង ៥ពិន្ទុ

៥. ជំនាញបើកបរ មាន ៥សំណួរ ស្មើនឹង ៥ពិន្ទុ។

ប្រសិនបើខុសលើសពី៥ពិន្ទុ គឺត្រូវធ្លាក់។

ចំណែក វិញ្ញាសាប្រឡងអនុវត្តបើកបរ ឬហៅថា ប្រឡងដៃចង្កូត សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល គឺមាន ១០០ពិន្ទុ ហើយប្រសិនបើមានកំហុសដែលត្រូវដកលើសពី ២០ពិន្ទុ ក៏ត្រូវធ្លាក់ផងដែរ។

វិញ្ញាសាប្រឡងដៃចង្កូតនេះ រួមមាន៖

១. ការចាប់ផ្តើមចេញដំណើរ និងការបញ្ចប់

២. ឈប់រថយន្តផ្តល់សិទ្ធិអាទិភាពឲ្យថ្មើរជើង

៣. ឈប់រថយន្ត និងចាប់ផ្តើមបើកបរឡើងទួល

៤. ការបើកបររថយន្តផ្លូវរាងអក្សរ Z

៥. ការបើកបរនៅកន្លែងផ្លូវប្រសព្វមានភ្លើងសញ្ញាចរាចរណ៍

៦. ការបើកបររថយន្តផ្លូវរាងអក្សរ S

៧. ការបើកបរចូលចំណតរាងអក្សរ T

៨. ការបើកបរចូលចំណតរាងអក្សរ P

៩. ឈប់រថយន្តនៅកន្លែងផ្លូវរថភ្លើងឆ្លងកាត់

១០. ការបើកបរផ្លាស់ប្តូរលេខលើផ្លូវត្រង់

១១. ស្ថានភាពគ្រោះអាសន្ន៖ ពេលបន្លឺសំឡេងអាសន្ន បេក្ខជនជាន់ហ្វ្រាំងដើម្បីឈប់រថយន្ត និងបើកភ្លើងសញ្ញាអាសន្ន។

គួរដឹងដែរថា សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម