តើសាំងឡើងថ្លៃពេលនេះ អាចជាឱកាសមាសនៃរថយន្តអគ្គិសនីដែរឬទេ?

ក្នុងរយៈពេលចុងក្រោយដែលកំពុងមានសង្គ្រាមនៅតំបន់អារ៉ាប់នេះ បានធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ប្រេងជាសកល ហើយបានកំពុងឡើងថ្លៃ និងបារម្ភទៀតថា នឹងអស់ប្រេងពីស្តុកទៀតផង។ កត្តាមូយនេះហើយ ត្រូវបានគេលើកយកមកអះអាងថា វានឹងក្លាយជា ឱកាសមាសនៃកើនឡើងខ្លាំងរបស់រថយន្តអគ្គិសនី។

ការពិតទៅ ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងសកលលោក មានកំណើនរួចជាស្រេចទៅហើយពីមួយឆ្នាំទៅមួយឆ្នាំ។ ពិតណាស់កត្តាតម្លៃប្រេងឥន្ធនៈ គឺជាផ្នែកជំរុញដ៏ធំមួយ ប៉ុន្តែវានៅមានកត្តាជាច្រើនទៀត ដែលជួយជំរុញរថយន្តអគ្គិសនី ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការឧបត្ថម្ភធនពីរដ្ឋាភិបាល ការចំណាយទាបលើការប្រើប្រាស់ និងការថែទាំ និងមិនប៉ះពាល់ដល់បរិស្ថានជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសិក្សាមួយក្នុងប្រទេសចិន បានរកឃើញថា តម្លៃប្រេងឥន្ធនៈឡើង ១យ័នក្នុង១លីត្រ ធ្វើឲ្យការលក់រថយន្តអគ្គិសនីកើនឡើងដល់ ៤,៦% ឯណោះ។

នៅពេលប្រេងឡើងថ្លៃ អ្នកប្រើប្រាស់រថយន្តប្រាកដជាគិតស្វែងរកជម្រើសថ្មី ដែលជួយបន្ថយការចំណាយរបស់ពួកគេ។ វាមិនមែនជារឿងថ្មីទេ ព្រោះកន្លងមក នៅពេលរថយន្តអគ្គិសនីមិនទាន់ទូលំទូលាយ គឺគេបង្វែមកប្រើប្រាស់រថយន្ត Hybrid ដែលកាត់បន្ថយការប្រើប្រាស់សាំង បានមួយផ្នែកធំ។

ដូច្នេះបើសង្គ្រាមនេះនៅបន្តអូសបន្លាយយូរឆ្នាំ ប៉ះពាល់ខ្លាំងដល់តម្លៃប្រេង នោះសូម្បីតែអ្នកប្រើរថយន្ត Hybrid ឬ PHEV ក៏នឹងអាចងាកមកប្រើរថយន្តអគ្គិសនីកាន់តែច្រើនខ្លាំងតែម្តង ខណៈរថយន្តប្រភេទនេះ កាន់តែមានជម្រើសច្រើនសម្បូរបែប តម្លៃធូរ ហើយមានស្ថានីយសាកស្ទើរគ្រប់ទីកន្លែងទៅហើយ និងមានល្បឿនលឿនទៀតផង។

ដោយឡែកនៅប្រទេសកម្ពុជាវិញ គឺជាប្រទេសនាំចូលប្រេង ពោលគឺចៀសមិនផុតពីការទទួលរងវិបត្តិប្រេងនេះឡើយ ប៉ុន្តែកម្ពុជាអាចផលិតចរន្តអគ្គិសនីដោយខ្លួនឯងបានសម្រាប់ប្រើប្រាស់ក្នុងស្រុក ដែលជាចំណុចល្អបំផុតសម្រាប់វិស័យយានយន្តអគ្គិសនី។ បច្ចុប្បន្ននេះ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី មានស្ទើរគ្រប់រាជធានីខេត្តទៅហើយ ហើយបន្តមកទៀត រដ្ឋកាន់តែជំរុញឲ្យមានស្ថានីយសាកនៅតាមទីប្រជុំជនថែមទៀតផង ហើយតម្លៃសាកក៏កាន់តែចុះថោកផងដែរ។ បើគិតត្រឹមចុងឆ្នាំ ២០២៥ កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីសរុបជាង ៩ពាន់គ្រឿងហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម