ក្នុងកុងទ័រសាំងរថយន្តមានអក្សរនិងរូបសញ្ញាឲ្យអ្នកបើកបរបានដឹងពីព័ត៌មានដែលពាក់ព័ន្ធនឹងកម្រិតសាំង រួមមានដូចជា អក្សរF, អក្សរ E, សញ្ញាឆេកធុងសាំង និងរូបធុងសាំងមានព្រួញ ដែលមានអត្ថន័យដូចខាងក្រោមនេះ៖
អក្សរ F តំណាងឲ្យពាក្យ Full៖ពេលទ្រនិចដៅចំចំណុចអក្សរ F នេះ គឺមានន័យថា ធុងសាំងត្រូវបានចាក់ពេញហើយ។ ប៉ុន្តែពេលទ្រនិចធ្លាក់មកដៅចំអក្សរE ដែលតំណាងឲ្យពាក្យ Empty វិញ គឺមានន័យថា កម្រិតសាំងជិតអស់ពីធុងហើយ។

ជាមួយគ្នានេះដែរ នៅពេលទ្រនិចសាំងធ្លាក់ចុះចំអក្សរE នេះ ហើយមិនទាន់ចាក់សាំងទៀត នោះវាក៏នឹងលេចចេញសញ្ញាឆេកធុងសាំងថែមទៀត ដើម្បីព្រមានឲ្យអ្នកបើកបរឆាប់ចាក់សាំងឲ្យបានលឿន។
គួរដឹងដែរថា ពេលដែលចាប់ផ្តើមចេញសញ្ញាធុងសាំងនេះ គឺរថយន្តអ្នកអាចសល់សាំងប្រហែល ១០ ទៅ១៥% ឬប្រហែល ៥ ទៅ ១០លីត្រទៀត ពោលគឺអាចបើកបរបានប្រហែល ៥០ ទៅ ៨០គីឡូម៉ែត្រទៀត ផ្អែកទៅលើស្ថានភាពចរាចរណ៍កម្លាំងម៉ាស៊ីនរថយន្ត និងការជាន់ហ្គែ។

ចំពោះរូបធុងសាំងដែលបង្ហាញក្នុងកុងទ័រនោះក៏មានបន្ថែមសញ្ញាព្រួញតូចមួយថែមទៀតផងដែរ ដោយខ្លះមានសញ្ញាព្រួញបែរទៅឆ្វេង និងខ្លះបែរទៅសាំ្តគឺចង់បញ្ជាក់ឲ្យអ្នកបើកបរបានដឹងពីទីតាំងចាក់សាំងរថយន្តរបស់ខ្លួនថានៅខាងឆ្វេង ឬខាងស្តាំងងាយស្រួលពេលចូលចាក់សាំងម្តងៗ៕


















