តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ហេតុអ្វីបានរថយន្តរបស់ Bugatti មានតម្លៃថ្លៃ? គឺដោយសារ រថយន្ត Bugatti ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ជាមួយការដំណើរការជាច្រើនដំណាក់កាល ជាក់ស្តែងដូចជាការលាបពណ៌នៃរថយន្ត Bugatti ចំណាយពេល ៦០០-៧០០ ម៉ោង ឬជាង ១ខែ ដើម្បីបង្កើត និងលាបពណ៌ទៅលើរថយន្តនីមួយៗ ជាមួយដំណើរការរួមបញ្ជូលគ្នាចំនួនប្រាំបីស្រទាប់ ហើយវាជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលរថយន្តទំនើបរបស់ Bugatti មានតម្លៃខ្ពស់។
ឧទាហរណ៍រថយន្ត Chiron ត្រូវចំណាយពេល ៩ខែពីការកំណត់រចនាសម្ព័ន្ធរហូតដល់ការដឹកចេញពីរោងចក្រ ជាមួយនឹងផ្នែកជាង ១ ៨០០ ត្រូវបានផ្គុំឡើយដោយសិប្បករជំនាញចំនួន ២០នាក់។
ដំណើរការចាប់ផ្តើមយ៉ាងហ្មត់ចត់ មុនពេលថ្នាំត្រូវបានលាប ជាមួយការពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាថាគ្មានប្រហោង ឬរន្ធ ដែលប៉ះពាល់។ សម្រាប់យីហោនេះប្រើអ្នកជំនាញផ្នែកវាស់ស្ទង់ដោយខ្លួនឯង (អ្នកវិទ្យាសាស្ត្រដែលមានឯកទេសខាងវិទ្យាសាស្ត្រនៃការវាស់វែង) Gregoire Haller-Meyer ដែលការងារតែមួយគត់គឺធានាថាគ្រប់បន្ទះនៃតួររថយន្តទាំងអស់គឺល្អឥតខ្ចោះតាមដែលអាចធ្វើទៅបាន។
នៅពេលដែលបន្ទះត្រូវបានគេចាត់ទុកថាល្អឥតខ្ចោះនោះ គឺដល់ដំណាក់កាលនៃការខាតអោយរលោងម្តងហើយម្តងទៀត តាមតែការចាំបាច់ បន្ទាប់ពីធ្វើការលើសពី ១០០ ម៉ោងបន្ទះទាំងនោះត្រូវបានបញ្ចូនចេញដើម្បីធ្វើការលាបពណ៌។
ថ្នាំលាបត្រូវបានលាប ហើយបន្ទាប់មកក្រុមការងារធ្វើការវិភាគលើបន្ទះនីមួយៗ ដើម្បីធានាថាពណ៌គឺដូចគ្នាបេះបិទ ឬបន្ទះត្រូវបានបញ្ជូនត្រឡប់មកវិញដើម្បីលាបពណ៌ឡើងវិញ។ ដំណើរការនេះអាចមានភាពលំបាកដោយសារពណ៌រថយន្តមានច្រើនខុសៗគ្នា។
ទោះយ៉ាងណាក៏ដោយ ការងារនេះមិនត្រូវបានបញ្ចប់ទេ នៅពេលដែលរថយន្តត្រូវបានលាបពណ៌ហើយ ដោយចាយរយៈពេល ៤ថ្ងៃបន្ថែមទៀតដើម្បីដំណើរលើការប៉ូលា បន្ទាប់មករថយន្តត្រូវបានត្រួតពិនិត្យនៅក្រោមភ្លើងនៃ Light tunnel របស់ក្រុមហ៊ុនអស់រយៈពេលជាច្រើនម៉ោង រហូតទាល់តែការលាបពណ៌ត្រូវបានបញ្ចប់ដោយជោគជ័យ៕