តែមួយម៉ោងប៉ុណ្ណោះ! ឡានអគ្គិសនី Leapmotor B10 ទទួលបានការបញ្ជាទិញចំនួន ១៥ ០០០គ្រឿង

ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីចុងក្រោយរបស់ពួកគេគឺ Leapmotor B10 បានទទួលបានការបញ្ជាទិញដល់ចំនួន ១៥ ០១០គ្រឿង ក្នុងរយៈពេលត្រឹមតែ ១ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៥ ១២០ ដុល្លារ ដល់ ១៩ ២៥០ ដុល្លារ។

Leapmotor B10 ផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 modular architecture មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៧៧ និង ២១៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ​ ៥៦,២ និង ៦៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ និង ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ Leapmotor B10 មានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូល។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប minimalistic ដោយប្រើប្រាស់នូវអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅលើរថយន្ត ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ បាសសម្លេងចំនួន ១២ទីតាំង និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម