
[ទីផ្សារបរទេស] ក្រោយការបើកបញ្ជាទិញទុកមុននូវប្រភេទ រថយន្ដ SUV ប្រើអគ្គីសនីលាយសាំង (PHEV) ម៉ាក់ Lynk & Co 900 ទទួលការបញ្ជាទិញទុកមុនរហូតដល់ ៨ ២០០គ្រឿង ក្នុងរយៈពេល ១ម៉ោងដំបូង។
រថយន្ដ Lynk & Co 900 ត្រូវដាក់ជាមួយតម្លៃលក់ចាប់ពី ៤៥ ៥០០ ដុល្លារ ដល់ ៦០ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។ មិនចម្លែកទេ ដែលរថយន្ដមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ ដោយតែវាបានបំពាក់ជាមួយបច្ចេកវិទ្យា Plug-in Hybrid អាចបានទាំងអគ្គិសនីនិងសាំង ជាអ្វីដែលអ្នកប្រើប្រាស់រថយន្ដចង់បានបំផុត។
អ្វីដែលគូួរឲ្យចាប់អារម្មណណ៍ ក្រៅពីមានរូបរាងស្រស់ស្អាត រថយន្ដនេះត្រូវបានរចនាមកជាមួយបច្ចេកវិទ្យាទំនើបនិងទាន់សម័យ។ ផ្នែកខាងនៃរថយន្ដ Lynk & Co 900 បានបំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៦៦ អុីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អុីញ មានកម្រិតបង្ហាញ 6K ចំនួន ២ ដំណើរការដោយប្រព័ន្ធបន្ទះឈីប Nvidia Drive Thor System និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើនមុខងារផងដែរ។ លើសពីនេះ កៅអីជួរទី ២ នៃរថយន្តទំនើបនេះគឺអាចបត់បាន ១៨០ ដឺក្រេ។
រថយន្ដ Lynk & Co 900 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo។ រថយន្ដនេះប្រើអាគុយទំហំ ៥២,៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយ ១ ៤៤៣ គីឡូម៉ែត្រ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ ។
រថយន្ដ រថយន្ដ Lynk & Co 900 មានជម្រើសចំនួន៣សម្រាប់បងប្អូនក្នុងនោះរួមមាន៖
- ជម្រើសម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៧១១ សេះ
- ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
- ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ ៕