ត្រឹមឆ្នាំ២០៣០ Honda នឹងលក់តែឡានអគ្គិសនីប៉ុណ្ណោះនៅទីផ្សារប្រទេសចិន

ក្រុមហ៊ុន Honda បានប្រកាសពីមហិច្ឆតាធំមួយសម្រាប់ទីផ្សារប្រទេសចិន ដោយមានគោលដៅ​លក់​តែរថយន្តអគ្គិសនីសុទ្ធនៅលើទីផ្សារនេះចាប់ពីឆ្នាំ២០៣០តទៅ ហើយក្រុមហ៊ុន​ក៏​គ្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួន១០ ក្នុងរយៈពេល៥ឆ្នាំសម្រាប់ទីផ្សារនេះទៀតផង។

ដើម្បីសម្រេចតាមគោលដៅនេះបាន ចាប់ពីឆ្នាំ២០៣០តទៅ Honda នឹងលែងប្រកាសចេញរថយន្តប្រើសាំងស៊េរីថ្មីទៀតហើយ និង​ធ្វើ​ឲ្យ​រថយន្ត​ថ្មី​ដែល​ដាក់​លក់​លើ​ទីផ្សារក្លាយជាប្រភេទអគ្គិសនីទាំងអស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងប្រើប្រាស់ឈ្មោះ “e:N Series” សម្រាប់ដាក់ឲ្យរថយន្តអគ្គិសនីដែលលក់នៅប្រទេសចិន ដោយចាប់ផ្ដើមពីរថយន្ត e:NS1 និងរថយន្ត e:NP1។ រថយន្តអគ្គិសនីថ្មីៗនឹងផលិតឡើងដោយក្រុមហ៊ុន​ Dongfeng Honda និង GAC Honda ដែល​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​រោងចក្រផលិតរថយន្តអគ្គិសនីក្នុងឆ្នាំ២០២៤ និងមានការនាំចេញរថយន្ត e:N Series ទៅកាន់ទីផ្សារដទៃទៀតផងដែរ។

គួរដឹងថាទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិនកំពុងតែរីកចម្រើនខ្លាំង ដោយចំនួនលក់រថយន្តអគ្គិសនី និងរថយន្ត PHEV នៅប្រទេសនេះកាលពីខែកញ្ញាគឺមានកំណើន ២០២% ធៀបនឹងឆ្នាំមុន ជាមួយចំនួនលក់ចេញសរុប ៣៣៤ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម