[បរទេស] កាលពីចុងខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Mazda EZ-6 ដែលផលិតរួមគ្នាជាក្រុមហ៊ុន Changan ផ្តល់ទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ខណៈពេលគិតត្រឹមខែវិច្ឆិកា ក្រុមហ៊ុនទទួលបានបញ្ជាទិញរហូតដល់ទៅ ៨ ៦០៣ គ្រឿងនៅទីផ្សារប្រទេសចិន ។
សម្រាប់ Mazda EZ-6 ស៊េរីថ្មីនេះ ដំណើរការដោយ៖
- ម៉ូដែល EV ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៨០ ទៅ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈពេលត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។
- ម៉ូដែល EREV ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំង ៣០៧ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ និងអាចបើកបរបានសរុប ១៣០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Mazda EZ-6 មានតម្លៃលក់ចាប់ពី ១៩ ២៣១ ដុល្លារ ដល់ ២៣ ៣៥៧ ដុល្លារសម្រាប់ម៉ូដែល EREV ខណៈម៉ូដែលអគ្គិសនីសុទ្ធ EV មានតម្លៃលក់ចាប់ពី ២១ ៩៨២ ដុល្លារ ដល់ ២៤ ៧៣៣ ដុល្លារ នៅទីផ្សារប្រទេសចិន ៕