ត្រឹមបីឆ្នាំសោះ Lamborghini Urus ផលិតបាន ១៥ ០០០គ្រឿងបាត់!

បន្ទាប់ពីចូលរោងចក្រផលិតរយៈពេល៣ឆ្នាំរួចមក ពេលនេះរថយន្ត Lamborghini Urus សម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយ ដោយរថយន្តទី ១៥ ០០០គ្រឿង ទើបបានដំឡើងនៅក្នុងសប្ដាហ៍នេះ។

សមិទ្ធផលថ្មីនេះបានធ្វើឲ្យ Lamborghini Urus ក្លាយជារថយន្តដែលផលិតបានច្រើនជាងគេបំផុតសម្រាប់ក្រុមហ៊ុន Lamborghini។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅរយៈពេល ៦ខែនៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Lamborghini បានលក់ចេញរថយន្ត Urus ចំនួន ២ ៧៩៦គ្រឿង ដែលកើនឡើង ៣៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០។

ចំនួនលក់របស់ Lamborghini Urus គឺច្រើនជាងរថយន្ត Huracan និងរថយន្ត Aventador បូកបញ្ចូលគ្នាទៅទៀត ដោយរថយន្តមួយអាចលក់បាន ១ ៥៣២គ្រឿង និងរថយន្តមួយទៀតអាចលក់បាន ៥២៤គ្រឿង។

គួរដឹងដែរថាឆមាសទីមួយនៃឆ្នាំ២០២១នេះ ជាឆមាសល្អបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Lamborghini ដែលអាចលក់រថយន្តបានរហូតដល់ទៅ ៤ ៨៥២គ្រឿង មានការកើនឡើង ៣៧% ធៀបនឹងឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម