[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Dodge បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dodge Hornet ស៊េរីថ្មី ដោយត្រឹមរយៈពេល ២៤ ម៉ោង ទទួលបានការកក់ទុកមុនច្រើនជាង ១៤ ០០០ គ្រឿង ជាមួយតម្លៃរំពឹងចាប់ពី ៣០ ០០០ ដុល្លារ។
Dodge Hornet បានបំពាក់ជាមួយចង្កៀងមុខប្រភេទ LED រាងអក្សរ L, កាងខាងមុខពណ៌ខ្មៅ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈ កាងខាងក្រោយពណ៌ខ្មៅទំហំធំ, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញពណ៌ប្រផេះ, ត្រឡោកកញ្ចក់ខ្មៅរលោង និងដុំហ្វ្រាំងមុខ 4-piston Brembo Calipers។
រីឯនៅផ្នែកខាងក្នុងវិញ រថយន្តនេះបានភ្ជាប់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត Uconnect 5 ទំហំ ១០,២៥ អ៊ីញ ភ្ជាប់មុខងារ Uconnect, Android Auto និង Apple CarPlay ឧបករណ៍បំពងសម្លេងចំនួន ១៤ ចំនុចម៉ាក Harman-Kardon និងកន្លែងសាកថ្មឥតខ្សែ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Dodge Hornet ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង turbocharged ផលិតកម្លាំងបាន ២៦៥ សេះ ប៉ុង១ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៥ វិនាទី។
និងម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង Plug-in hybrid ផ្គួបជាមួយម៉ូទ័រអគ្គិសនីខាងក្រោយ ផលិតកម្លាំងសរុបបាន ២៨៥ សេះ និងកម្លាំងរមួល ៥១៩ ញ៉ូតុនម៉ែត្រ ប៉ុង២ វិលកង់ទាំងអស់ ភ្ជាប់ជាមួយអាគុយលីចូម ទំហំ ១៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨ គីឡូម៉ែត្រ៕