
រថយន្ដអគ្គិសនី Nissan N7 បានបង្កើតកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយទទួលបានការបញ្ជាទិញកក់មុន ២០ ០០០ គ្រឿង ក្នុងរយៈពេល ៥០ថ្ងៃ។ រថយន្តអគ្គីសនីនេះត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន កាលថ្ងៃទី ២៧ ខែមេសា មានជម្រើស ៥ម៉ូឌែលផ្សេងគ្នា ដាក់ជាមួយតម្លៃលចន្លោះពី ១៤ ០០០ ដុល្លារ ដល់ ១៧ ៥០០ ដុល្លារ។
Nissan N7 ជារថយន្ដអគ្គិសនីប្រភេទ Sedan កើតចេញពីការសហការផលិតរួមគ្នារវាងក្រុមហ៊ុនចិន Dongfeng និងក្រុមហ៊ុនជប៉ុន Nissan ។ រថយន្ដនេះត្រូវបានរចនាឡើងដំបូងសម្រាប់ទីផ្សារចិន ប៉ុន្តែឥឡូវនេះត្រូវបានគេ របាយការណ៍ថាក្រុមហ៊ុន Nissan កំពុងសិក្សា ហើយគ្រោងនឹងនាំយកទៅលក់នៅទីផ្សារប្រទេសជប៉ុន ទោះបីជាការបញ្ជាក់ជាផ្លូវការនៅតែមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។
រថយន្ដនេះបំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ ៥៨ kWh និង ៧៣ kWh អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនិង ៦៣៥ គីឡូម៉ែត្រ។ រថយន្ដក៏គាំទ្រការសាកថ្មល្បឿនលឿន 3C សាកតែ ១៩នាទីអាចបើកបានចម្ងាយ ៤០០ គីឡូម៉ែត្រ Dongfeng-Nissan N7 មានប្រវែងតួខ្លួនសរុប ៤ ៩៣០មម ទទឹថ ១ ៨៩៥មម កម្ពស់ ១ ៤៨៧មម និងមានគម្លាតកង់មុខក្រោយប្រវែង ២៩១៥ មម។ រូបខាងក្រៅ រថយន្ត Dongfeng-Nissan N7 ទទួលបានការរចនាបែប V-Motion របស់ Nissan ដែលមានផ្នែកខាងមុខបិទជិត ចង្កៀងរាងអក្សរ V អមជាភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និង Logo NISSAN នៅចំកណ្តាលដែលមានពន្លឺ។
ចង្កៀងផ្នែកខាងក្រោយរបស់រថយន្ដ បានរចនាអូសកាត់ជាបន្ទាត់ បំពាក់ដោយអំពូល OLED ចំនួន ៨៨២គ្រាប់និងភ្ជាប់មកជាមួយអក្សរ NISSAN នៅចំកណ្ដាល ។ ចំណែករូបរាងនៅផ្នែកចំហៀងរចនាមកបែប fastback ភ្ជាប់មកជាមួយទ្វាររាបស្មើ ដែលធ្វើឲ្យមេគុណអូសទាញមានត្រឹម 0.208Cd។
ផ្នែកខាងក្នុងរបស់រថយន្ដនេះមានជម្រើសពីរពណ៌គឺ ពណ៌ប្រផេះស្រាល និងពណ៌បៃតងព្រៃរាងសដូចព្រិល។ Nissan N7 ក៏បំពាក់មកជាមួយប្រព័ន្ធ Nissan OS ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 8295P រួមទាំងប្រព័ន្ធ DeepSeek-R1 គាំទ្រដោយមុខងារ Huawei HiCar, ICCOA Carlink និង Apple CarPlay រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ។ ដៃចង្កូតភ្ជាប់មកជាមួយ paddle shifter មានមុខងារកំណត់ជាច្រើននិងបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។
ជាមួយនឹងការរួមបញ្ចូលគ្នាយ៉ាងទាក់ទាញរវាងដំណើរការ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ រថយន្ត Dongfeng Nissan N7 កំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន។ Nissan កំពុងវាយតម្លៃក្នុងការពង្រីកទីផ្សាររថយន្ដម៉ូឌែលនេះទៅកាន់តំបន់ផ្សេងទៀត រួមទាំងប្រទេសជប៉ុនផងដែរ៕