ត្រឹម១ត្រីមាស ឆ្នាំ២០២២ លុយចំណេញរបស់ Tesla ឡើងដល់ ៣,៣ ពាន់លានដុល្លារ ដោយសារហេតុផល ២យ៉ាង

ក្រុមហ៊ុន Tesla បានចែកចាយរថយន្តលើសចំនួនកំណត់ត្រាក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២ ហើយបានប្រកាសពីប្រាក់ចំណេញខ្ពស់មិនធ្លាប់មានពីមុនមក។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិចខាងលើ បានផលិតរថយន្តចំនួន ៣០៥ ៤០៧ គ្រឿង នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ និងបានចែកចាយរថយន្តចំនួន ៣១០ ០៤៨ គ្រឿង ក្នុងនោះមាន ២៩៥ ៣២៤ គ្រឿងជា Model 3 និង Model Y ខណៈនៅសល់ ១៤ ៧២៤ គ្រឿងទៀត គឺ Model S និង Model X។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបជាមួយនឹងត្រីមាសទី១ ឆ្នាំ២០២១ Tesla បានចែកចាយរថយន្តត្រឹមចំនួន ១៨៤ ៨៧៧ គ្រឿងប៉ុណ្ណោះ និង ៣០៨ ៦៥០ គ្រឿងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

នៅពីក្រោយនៃការកើនឡើងចំនួនលក់ ដែលរកចំណូលបានមិនតិចជាង ១៨,៧៦ ពាន់លានដុល្លារ ក្រុមហ៊ុន Tesla បានប្រកាសប្រាក់ចំណេញនៅត្រីមាសទី ១ ចំនួន ៣,៣២ ពាន់លានដុល្លារ ពោលគឺច្រើនជាងប្រាក់ចំណេញ ២,៣ ពាន់លានដុល្លារ ដែលវាបានកត់ត្រានៅក្នុងត្រីមាសមុន និងខ្ពស់ជាងការរំពឹងទុករបស់កាសែត Wall Street ទៅទៀត។

មិនតែប៉ុណ្ណោះ Tesla បានបញ្ចប់ត្រីមាសទី១ ឆ្នាំ២០២២ ជាមួយនឹងសាច់ប្រាក់ និងសមមូលសាច់ប្រាក់ចំនួន ១៨ ពាន់លានដុល្លារ ហើយបានរាយការណ៍ពីប្រាក់ចំណូលក្នុងមួយហ៊ុនចំនួន ២,៨៦ដុល្លារទៀត។ មូលហេតុដែលធ្វើឲ្យ Tesla រកប្រាក់ចំណូល និងប្រាក់ចំណេញបានច្រើនបែបនេះ ក៏ដោយសារតែការដំឡើងថ្លៃរថយន្ត និងតម្រូវការរថយន្តកើនឡើងខ្ពស់ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម