[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ ១,៥៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ។
ការខាតបង់នេះមានការកើនឡើងខ្លាំង បើធៀបនឹងការខាតបង់ចំនួន ៤១៤លានដុល្លារ កាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។ ការខាតបង់នេះ មួយចំណែកធំគឺដោយសារការចំណាយខ្ពស់លើប្រតិបត្តិករ ដោយក្នុងនោះក្រុមហ៊ុន Rivian បានចំណាយរហូតដល់ ៥៤៧លានដុល្លារ លើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅអំឡុងត្រីមាសទីមួយនេះ។
គួរដឹងដែរថា Rivian បានផលិតរថយន្តបានចំនួប ២ ៥៥៣គ្រឿង ក្នុងអំឡុងត្រីមាសទីមួយ និងអាចលក់ចេញបានចំនួន ១ ២២៧គ្រឿង ដែលអាចជួយស្វែងរកប្រាក់ចំណូលបាន ៩៥លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថាការខាតបង់នឹងបន្តកើតមាន ដោយសារតែការបន្តផលិតរថយន្តក្នុងបរិមាណតិចតួចលើសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។
ត្បិតថាមានការខាតបង់ធំធេង ប៉ុន្តែ Rivian បានបិទបញ្ចប់ត្រីមាសទីមួយនៃឆ្នាំ២០២២ ជាមួយសាច់ប្រាក់សុទ្ធ ១៦,៩៧ពាន់លានដុល្លារនៅក្នុងដៃ ដែលទឹកប្រាក់នេះអាចឲ្យក្រុមហ៊ុនចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីជំនាន់ថ្មី មានតម្លៃធូរថ្លៃ ដែលរំពឹងថានឹងផលិតនៅរោងចក្រនៅ Georgia៕