ត្រៀមក្រឡុកទីផ្សារ! រថយន្ដគម្រូ Xiaomi YU9 SUV ប្រទះឃើញកំពុងធ្វើតេស្ដ

រថយន្តគម្រូដែលបិទបាំងជិតឈឹង ហើយគេជឿថាជារថយន្ដរបស់ក្រុមហ៊ុន Xiaomi ដែលមានឈ្មោះកូដ “Kunlun” និងអាចដាក់ឈ្មោះថា YU9 ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្តសាកល្បងនៅលើផ្លូវក្នុងប្រទេសចិន។ ថ្វីត្បិតតែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុនក៏ដោយ រថយន្ដនេះនឹងក្លាយជារថយន្ដម៉ូឌែលទីបីរបស់ Xiaomi បន្ទាប់ពីរថយន្ដ Xiaomi SU7 sedan និង YU7 SUV ហើយចំពោះម៉ូឌែល YU9 អាចនឹងជារថយន្ដដំបូង ដែលប្រើប្រាស់ប្រព័ន្ធបំពងថាមពល EREV (extended-range electric vehicle) ជំនួសឲ្យការប្រើប្រាស់អគ្គិសនីសុទ្ធ។

ការអភិវឌ្ឍន៍រថយន្ត YU9 ហាក់ដូចជាកើតឡើងចំពេលមានរថយន្ដប្រភេទ SUV នៅទីផ្សារប្រទេសចិនកំពុងរីកដុះដាលខ្លាំង។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុន ការបញ្ជាទិញរថយន្ត YU7 ជាង 240,000គ្រឿង ក្នុងរយៈពេល 18ម៉ោងបន្ទាប់ពីការដាក់លក់នាពេលថ្មីៗនេះ ជាហេតុផលមួយជំរុញឲ្យពួកគេប្រញាប់បញ្ចេញរថយន្ដប្រភេទ SUV មកកាន់ទីផ្សារទៀត។ យ៉ាងណាមិញក្រុមហ៊ុន Xiaomi មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរថយន្ត YU9 គម្រូត្រូវបានគេប្រទះឃើញនោះទេ។

ផ្អែកលើរូបភាពត្រូវបានគេលួចថត ហើយបានបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ចិន រថយន្ត YU9 ត្រូវបានគេរំពឹងថាជាប្រភេទ SUV ធំទូលាយ មាន ៦ ឬ ៧ កៅអី ដែលមានប្រវែងប្រហែល 5.3 ម៉ែត្រ។ ប្រសិនបើដាក់ឲ្យដំណើរការ វាទំនងជានឹងក្លាយជាគូប្រជែង Li Auto L9 និង Aito M9 ដែលគាំទ្រដោយ Huawei។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដូចរថយន្ត SU7 និង YU7 ជាប្រភេទរថយន្តអគ្គិសនីសុទ្ធនោះទេរថយន្ដគម្រូ YU9 ត្រូវបានគេរំពឹងថាអាចនឹងប្រើប្រាស់ប្រព័ន្ធថាមពលកូនកាត់ (extended-range hybrid system) ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ 1.5 Turbo (ដែលទំនងជាផ្គត់ផ្គង់ដោយក្រុមហ៊ុន Dong’an Power)។ ប្រព័ន្ធនេះក៏ត្រូវបានប្រើប្រាស់នៅក្នុងរថយន្ត Li Auto L9 ផងដែរ ហើយត្រូវបានគេរំពឹងថានឹងផ្តល់កម្លាំងសេះជាង 400 និងអាចបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលប្រហែល 5 វិនាទី។

ចម្ងាយបើកបរពេលប្រើថាមពលអគ្គិសនីសុទ្ធអាចបើកលើសពី 200 គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបរបាន 1,500 គីឡូម៉ែត្រ។ រថយន្តនេះក៏ត្រូវបានគេរំពឹងថានឹងគាំទ្រការសាកថ្មលឿន 800V high-voltage សាកថ្មតែ ១៥នាទីអាចបើកបាន 300គីឡូម៉ែត្រ។

YU9 ត្រូវបានគេរំពឹងនឹងក្លាយជាគូប្រជែងជាមួយរថយន្ត SUV ប្រណិតប្រភេទ Plug-in ដូចជា Li Auto L9 ដាក់លក់ក្នុងតម្លៃ 57,000 ដុល្លារ) និង Aito M9 ដាក់លក់ក្នុងតម្លៃ  65,500 ដុល្លារ។ យើងប៉ាន់ស្មានថា Xiaomi នឹងកំណត់តម្លៃ YU9 ប្រហែលខ្ទង់ 50,000 ដុល្លារ ខណៈម៉ូដែលកំពូលៗនឹងនៅតែមានតម្លៃក្រោម 69,000 ដុល្លារ។

ទោះបីជារថយន្តគម្រូនេះហាក់ដូចជាត្រៀមខ្លួនជាស្រេចក្នុងការផលិតក៏ដោយ ប៉ុន្តែយោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមចិនបានណែនាំថា រថយន្ដនេះអាចនឹងដាក់ដំណើរការនៅឆ្នាំ 2026 ការធ្វើបែបនេះនឹងផ្ដល់ពេលវេលាឲ្យក្រុមហ៊ុន Xiaomi បញ្ចប់ការធ្វើតេស្ត ពង្រីកបណ្ដាញលក់ និងសេវាកម្មរបស់ខ្លួន ព្រមទាំងបំពេញតាមតម្រូវការបទប្បញ្ញត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម