ត្រៀមលុយ! Toyota អាចនឹងចេញលក់រថយន្តអគ្គិសនីទី៣ របស់ខ្លួនក្នុងពេលឆាប់ៗនេះ

កាលពីពេលថ្មីៗនេះ មានព៌ត័មានបែកធ្លាយថា កំណែ​​រថយន្ត Toyota bZ3C អគ្គិសនីសុទ្ធ​ត្រូវបានប្រកាសចុះ​អាជ្ញាប័ណ្ណ​សម្រាប់ផលិត និងលក់នៅ​ក្នុង​ប្រទេស​ចិនហើយ ដែលផលិតកម្មនឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២៤ នេះ នៅក្នុងរោងចក្ររបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-Toyota នៅក្នុងទីក្រុងធានជីន ប្រទេសចិន។

គួរបញ្ជាក់ថា Toyota bZ3C គឺជារថយន្តអគ្គិសនីទី៣ របស់ក្រុមហ៊ុន Toyota ដែលជាប្រភេទរថយន្ត SUV ៥កៅអី និងមានរូបរាងដូចរថយន្ត Toyota Prius ដែលមានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៥១០ ម.ម ទម្ងន់ ១ ៩២០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៨០ និងផ្តល់នូវជម្រើសថាសកង់ ១៨អ៊ីញ និង ២១អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Toyota bZ3C ត្រូវបានរំពឹងថានឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយលីចូម (LFP) អាចបើកបរបានចម្ងាយផ្លូវខ្ទង់ពី ៥០០ ទៅ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា រថយន្តអគ្គិសនី Toyota bZ3C ត្រូវបានដាក់បង្ហាញកាលពីដើមឆ្នាំនេះនៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងក្នុងខែមេសា។ ក្នុងនោះក្រុមហ៊ុន Toyota បានចេញលក់រថយន្តអគ្គិសនីចំនួន២ រួចមកហើយនៅក្នុងប្រទេសចិនគឺ bZ4X SUV និង bZ3 sedan ហើយគ្រោងប្រកាសចេញលក់ bZ4C ថ្មី​​នៅ​ចុង​ឆ្នាំ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម