ត្រៀមៗ! រថយន្ត Mitsubishi Xpander Cross ឆ្នាំ២០២៣ ត្រៀមខ្លួនវាយលុកទីផ្សាររថយន្តកម្ពុជាឆាប់ៗនេះហើយ

[ក្នុងស្រុក] បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការក្នុងបណ្តាប្រទេសអាស៊ានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ពេលនេះលេចលឺដំណឹងថារថយន្តប្រភេទ MPV/SUV ចំនុះ ៧កៅអី Mitsubishi Xpander Cross ស៊េរីថ្មី ២០២៣ ត្រូវបានរំពឹងថានឹងមានវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជាយើងក្នុងពេលឆាប់ៗនេះផងដែរ។

រថយន្ត Xpander Cross ស៊េរីថ្មីឆ្នាំ ២០២៣ នេះ នឹងមានការរចនាថ្មីទាំងស្រុង ជាពិសេសចង្កៀងមុខនិងក្រោយនឹងត្រូវផ្លាស់ប្តូរទៅជាការរចនារាងអក្សរ T ការរចនាយ៉ាន់ថ្មីទំហំ ១៧អុីង ព្រមទាំងមានជម្រើសពណ៌ថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការរចនារូបរាងខាងក្រៅថ្មីទាំងស្រុង រថយន្តនេះក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែរដូចជា កុងទ័រឌីជីថល ដែលអាចប្តូរម៉ូតបានរហូតដល់៣ម៉ូត ចង្កូតត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងមានបំពាក់ប្រព័ន្ធ Active Yaw Control ផងដែរ។

រថយន្ត ​Xpander Cross នេះនឹងបំពាក់ជាមួយនឹងម៉ាស៊ីនសាំងទំហំ ១,៥លីត្រ ផ្តល់កម្លាំងសេសបានចំនួន ១០៥PS កម្លាំងរមួលបានចំនួន ១៤១NM មានប្រអប់លេខ ៤វគ្គអូតូ ដែលមានកម្រិតស៊ីសាំងត្រឹមតែ ៥-៦L ប៉ុណ្ណោះក្នុង​ ១០០km។

លើពីនេះរថយន្ត ​Xpander Cross នេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើនសម្បូរបែបផងដែរដូចជា ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូវនិច ប្រព័ន្ធ Auto Hold ប្រព័ន្ធហ្វ្រាំង ABS និងEBD ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំងBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងរឺរអិល ប្រព័ន្ធជំនួយពេលឡើងចំណោត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

មិនទាន់មានព័ត៌មានទាក់ទងនឹងតម្លៃនៅឡើយទេ ដោយរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុន Mitsubishi សិន។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះរថយន្តMitsubishi ម៉ូដែលនេះ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម