[ទីផ្សារបរទេស] រំលឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Ferrari បានប្រកាសអំពីរថយន្ត SUV ដំបូងរបស់ខ្លួនដែលនឹងមានឈ្មោះថា Purosangue ហើយរយៈពេលជិតបួនឆ្នាំក្រោយ រថយន្តនេះនៅមិនទាន់បង្ហាញវត្តមានជាផ្លូវការនៅឡើយ។
យ៉ាងណា ការរង់ចាំអាចនឹងត្រូវបញ្ចប់ ព្រោះថានៅខែកញ្ញាខាងមុខនេះ Ferrari នឹងប្រកាសចេញរថយន្ត SUV ដំបូងរបស់ខ្លួនដែលមានបំពាក់ម៉ាស៊ីនមហាកម្លាំង ១២ស៊ីឡាំង។ ដំណឹងនៃការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធី Capital Markets Day របស់ក្រុមហ៊ុន ដោយក្នុងកម្មវិធីនេះក៏មានប្រកាសដំណឹងសំខាន់ផ្សេងទៀតដែរ។
បន្ថែមពីនេះដែរ Ferrari នឹងធ្វើការកំណត់ចំនួនលក់រថយន្ត SUV ដំបូងនេះ ដោយកំណត់ឲ្យស្ថិតនៅត្រឹមក្រោម ២០% ប៉ុណ្ណោះក្នុងចំនួនលក់រថយន្តជាប្រចាំឆ្នាំ។ ដោយឡែករថយន្ត Icona និងរថយន្តមហាកម្លាំងថ្មី កាន់តែកំណត់ចំនួនលក់តិចជាងនេះ ដើម្បីធ្វើឲ្យរថយន្តទាំងនេះមានភាពពិសេស និងមិនមែនចេះតែអាចទិញបាននោះទេ។
ត្រឹមឆ្នាំ២០២៦ ៦០%នៃរថយន្តរបស់ Ferrari នឹងមានជាប្រភេទ Hybrid រួមជាមួយអគ្គិសនីសុទ្ធ ដោយសេសសល់ ៤០% នឹងជារថយន្តប្រើប្រាស់ម៉ាស៊ីនសាំង។ និយាយអំពីម៉ាស៊ីននេះ Ferrari នៅមិនទាន់និយាយអំពីកម្លាំងរបស់រថយន្ត Purosangue នោះទេ ប៉ុន្តែម៉ាស៊ីន ១២ស៊ីឡាំង ដែលប្រើលើរថយន្ត 812 Competizione អាចផលិតកម្លាំងបាន ៨៣០សេះ៕