[ទីផ្សារបរទេស] រូបរាងនៃរថយន្តអគ្គិសនីប្រភេទ SUV ថ្មីរបស់ Jeep ត្រូវបានប្រទះឃើញបើកបរលើដងផ្លូវដោយមានបង្ហាញរចនាបថច្បាស់ៗតែម្ដង ហើយរថយន្តនេះត្រូវបានគេដាក់ឈ្មោះក្រៅឲ្យថា “baby Renegade”។
រថយន្តអគ្គិសនីនេះគឺផ្នែកមួយនៃផែនការឆ្នាំ២០៣០របស់ Jeep ដោយវាមានរចនាបថប្លែកពីរថយន្ត Jeep ធម្មតា ប៉ុន្តែនៅមានរក្សាអត្តសញ្ញាណមួយគឺផ្ទាំងប៉ាណាដែលមានដុំជ្រុងៗចំនួន៧ដុំ ហើយដុំជ្រុងៗលើរថយន្តនេះមិនមានប្រហោងនោះទេ ព្រោះថាវាគឺជារថយន្តអគ្គិសនី។
រថយន្តនេះរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនីរបស់ក្រុមហ៊ុន PSA Group ឈ្មោះថា e-CMP ដែលនឹងធ្វើឲ្យរថយន្តនេះមានលក្ខណៈស្រដៀងនឹងរថយន្ត Alfa Romeo និងរថយន្ត Fiat ដែរ។ Stellantis នឹងផលិតរថយន្តទាំងបីនៅរោងចក្រ Tychy ក្នុងប្រទេសប៉ូឡូញ។
ចំណែកប្រព័ន្ធថាមពលរបស់រថយន្តនេះអាចនឹងដូចគ្នាទៅនឹងប្រព័ន្ធថាមពលលើរថយន្ត Peugeot 2008, DS 3 Crossback និង Opel Mokka ដោយមានម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៣៦សេះ និងមានអាគុយចំណុះ ៥០គីឡូវ៉ាត់ម៉ោងដែលបើកបរបានចម្ងាយប្រមាណ ៤៨០គីឡូម៉ែត្រ។
រថយន្ត Jeep ថ្មីអាចនឹងចេញលក់ឆាប់បំផុតគឺនៅឆមាសដំបូងនៃឆ្នាំ២០២៣ ឬនៅចុងឆ្នាំ២០២២ ដោយការប្រកាសចេញទំនងជាធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២២នេះ៕