​ថៃ​​ក្លាយជាប្រទេស​លេខ ​១ ​ក្នុង​ការ​លក់​រថយន្ត​អគ្គិសនីបានច្រើនជាងគេ​នៅតំបន់​អាស៊ី​អាគ្នេយ៍

[បរទេស] ប្រទេស​ថៃ​ក្លាយ​ជា​ប្រទេស​នាំ​មុខ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​​នៅ​អាស៊ីអាគ្នេយ៍ ដោយវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី ជាមួយនឹងចំណែកនៃការលក់ច្រើនជាង ៦០% នៃការលក់រថយន្តអគ្គិសនីសរុបនៅក្នុងតំបន់ក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញថា ប្រទេសថៃគឺជាប្រទេសនាំមុខគេនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ៣ ត្រីមាសកន្លងមក គេបានរកឃើញថាប្រទេសថៃមានចំនួន ៥៩,២ ភាគរយ នៃការលក់រថយន្តអគ្គិសនីទាំងអស់នៅក្នុងតំបន់ តាម​ពី​ក្រោយ​ដោយ​ឥណ្ឌូណេស៊ី ២៥,២% និង​សិង្ហបុរី ១១,៨%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍នេះ ទីផ្សាររថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍បានកើនឡើង ៣៥% នៅក្នុងត្រីមាសទី ៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមចំនួននេះ ៦១%  គឺជារថយន្តអគ្គិសនីសុទ្ធ (BEVs) និង ៣៩% ជារថយន្ត Plug-in hybrid (PHEVs) ដោយមិនរាប់បញ្ចូលរថយន្តកូនកាត់ hybrid (HEVs) និងរថយន្តកោសិកាប្រេងឥន្ធនៈ (FCEV) ទេ។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ក៏បានបង្ហាញពីសមាមាត្រនៃការលក់រថយន្តអគ្គិសនីនៅក្នុងម៉ាកនីមួយៗ ដោយលេខ ១ គឺ Wuling ដែលមានទីផ្សារសំខាន់នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានចំនួន ១៨,៣% ជាមួយនឹងម៉ូដែលដែលលក់ដាច់បំផុត Wuling Air EV បានចេញលក់នៅពាក់កណ្តាលឆ្នាំមុន បន្ទាប់មកគឺ Volvo ១៤,៤%, BMW នៅ ១៣,២%, ORA នៅ ១២,២% និង Mercedes-Benz មានសមាមាត្រ ៨,៦%។

ខណៈពេលដែល ក្រុមហ៊ុន Tesla បានសម្ភោធជាផ្លូវការនៅក្នុងប្រទេសថៃនៅដើមខែធ្នូ ក្នុងនោះគេរំពឹងថាសមាមាត្រនៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃនឹងកើនឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម