[ប្រទេសថៃ] ក្រោយពីមានការបែកធ្លាយ ដោយមានការច្រលំថ្ងៃការសម្ពោធផ្លូវការកាលពីថ្ងៃទី២៤ កន្លងទៅនេះ ស្តីពីរថយន្ត Hilux GR Sport ឥឡូវអ្វីៗបានចេញជាផ្លូវការហើយ ដោយក្រុមហ៊ុនតូយ៉ូតា ប្រចាំប្រទេសថៃ បានបញ្ចេញនៅរថយន្ត ២ម៉ូដែលគឺ Hilux និង Fortuner ប្រភេទ GR Sport ដែលរចនាមកយ៉ាងទាក់ទាញបំផុត។ ប្រទេសថៃ ជាប្រទេសទីមួយហើយ ដែលបានធ្វើការបញ្ចេញម៉ូដែលពិសេសថ្មីនេះមុនគេ។
ដូចដែលបានចេញផ្សាយកាលពីអត្ថបទមុនរួចមកហើយ សម្រាប់ម៉ូដែល Hilux GR Sport ត្រូវបានយកគំរូតាមលំនាំរថយន្ត LC300 GR Sport ដោយបានដាក់និមិត្តសញ្ញាក្បាលគោ ជំនួសដោយអក្សរ TOYOTA នៅចំកណ្តាលតែម្តង។ នៅផ្នែកចំហៀងវិញក៏បានលេងតែមឆ្នូត ដែលដំណាងអោយឡូហ្គូ GR Sport ពណ៌ខ្មៅ លាយក្រហម ហើយក៏មានបិតតែម GR Sport រួមជាយ៉ាន់កង់ស្ព័រថ្មី រំលេចដោយហ្វ្រាំងគៀប រំលេចដោយពណ៌ក្រហម និងអក្សរ GR Sport។ នៅផ្នែកខាងក្រោយក៏ដូចគ្នា គឺមានលេងតែមដូចនៅផ្នែកចំហៀងផងដែរគឺមានលេងតែម និងអក្សរ GR Sport។ អ្វីដែលពិសេសមួយទៀតនោះ គឺអង់តែនវិទ្យុលក្ខណៈព្រុយត្រីឆ្លាម Shark Fin។ ហើយកាន់តែពិសេសនោះគឺមានលក្ខណៈពិសេសសំខាន់ៗដូចជា កាំម៉េរា ៣៦០ដឺក្រេ ប្រព័ន្ធផ្តល់សញ្ញានៅកញ្ចក់ចំហៀងសងខាង Blind Spot Monitor និង ប្រព័ន្ធផ្តល់សញ្ញាពេលចេញពីចំណតនៅផ្នែកខាងក្រោយ Rear Cross Traffic Alert។
ចូលទៅផ្នែកខាងក្នុងវិញ គឺបានផ្លាស់ប្តូរការរចនាកុងទ័រថ្មី ដៃចង្កូតថ្មី ប៉ូតុងចុចបញ្ឆេះម៉ាស៊ីន និងកៅអីស្បែកបែបស្ព័រ រំលេចដោយអក្សរ GR Sport។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៌ខ្លាំងនៅលើដៃចង្កូតនោះគឺប្រព័ន្ធផ្លាស់ប្តូរលេខដៃលើចង្កូត Paddle Shift។ ទាក់ទងនឹងកម្លាំងម៉ាស៊ីន និងជើងក្រោមវិញ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយយើងនឹងធ្វើការចុះផ្សាយបន្ថែមទៀត នៅពេលមានព័ត៌មានច្បាស់ការ។
ចំពោះ Fortuner GR Sport ក៏មិនខុសពី Hilux ដែរគឺបន្ថែមអោយឃើញនៅឡូហ្គូបញ្ជាក់ពីប្រភេទពិសេស GR Sport ថ្មីនេះ។ ខុសត្រង់រូបរាងខាងក្រៅ មិនសូវជាមានការបន្ថែមខ្លាំង ដូចជាប្រភេទ ភីកអ៊ាប់នោះទេ។
សម្រាប់ផ្នែកខាងក្នុងគឺមានបន្ថែមឡូហ្គូរបស់ GR Sport នៅលើកុងទ័រ ដៃចង្កូត កៅអីស្បែក ប៉ុតុងពន្លត់ និងបញ្ឆេះរថយន្ត កូនសោរ រួមជាមួយការលេងថ្នេរដេរក្រហម រំលេចអោយឃើញកាន់តែស្ព័រ។ អ្វីដែលចាប់អារម្មណ៌ខ្លាំងនោះគឺម៉ូដែល Hilux GR Sport មានការបន្ថែមច្រើន និងទំនើបខ្លាំងបន្ថែមទៀត។