កាលពីពេលថ្មីៗនេះ បើតាមសម្តីរបស់លោក Suraj Sangsnit ប្រធានសមាគម EV ថៃ បាននិយាយថា ចំនួននៃការចុះឈ្មោះរថយន្តអគ្គិសនីក្នុងប្រទេសថៃត្រូវបានគេប៉ាន់ស្មានថា នឹងមានចំនួនត្រឹមតែ ៨មុឺនគ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣ ថៃ បានប្រកាសកំណត់គោលដៅនៃការលក់រថយន្តអគ្គិសនីរបស់ពួកគេ ជាមួយក្តីរំពឹងថានឹងអាចឈានដល់ចំនួន ១៥មុឺនគ្រឿងសម្រាប់ឆ្នាំនេះ តែថ្មីៗនេះ ពួកគេបានធ្វើការប្រកាសថា ប្រទេសខ្លួនកំពុងស្ថិតនៅក្នុងការលក់មានការធ្លាក់ចុះ ដោយសារ សេដ្ឋកិច្ចធ្លាក់ចុះ បំណុលគ្រួសារខ្ពស់ដែលមានចំនួនស្មើនឹង ៤៦៥ពាន់លានដុល្លារ(១៦,៣ ពាន់ពាន់លានបាត) ឬ ៩១ភាគរយ នៃ GDP របស់ប្រទេសថៃទាំងមូល។
ទោះបីជា ការលក់រថយន្តអគ្គិសនីរបស់ពួកគេមិនមានការកើនឡើងតាមការកំណត់ ក៏វានៅតែជាការកើនឡើងមួយ ពោលគឺកើនឡើង ៥ភាគរយ បើធៀបនឹងការលក់នៅឆ្នាំមុនដែលមានចំនួនត្រឹមតែ ៧៦ ០០០គ្រឿងប៉ុណ្ណោះ៕