
The All-New Toyota Highlander ស៊េរីឆ្នាំ២០២៧ ទទួលការកែប្រែថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅនិងខាងក្នុង ខុសពីរថយន្ដ Toyota Highlander ប្រភេទប្រើម៉ាសុីនចំហេះក្នុង។ សម្រាប់រថយន្ដ Highlander ស៊េរីថ្មីនេះត្រូវបានរចនាឡើងដើម្បីក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា និងរចនាប័ទ្មនៅក្នុងចំណោមរថយន្ដ SUV ខ្នាតមធ្យម។ ជាមួយរូបរាងដ៏ទាន់សម័យ ផ្នែកខាងក្នុងធំទូលាយ និងបច្ចេកវិទ្យាឈានមុខគេ ធ្វើឲ្យរថយន្ដនេះបានក្លាយសមាជិកដ៏សំខាន់ក្នុងខ្សែស្រឡាយរថយន្ត BEV របស់ Toyota នេះបើយោងតាមបញ្ជាក់ពីលោក David Christ អនុប្រធានក្រុមទីផ្សាររបស់ក្រុមហ៊ុន Toyota។
ពិតណាស់សម្រាប់រថយន្ដ Toyota Highlander រចនាឡើងដើម្បីលុបបំបាត់ផ្នត់គំនិត ដែលតែងតែគិតរថយន្ដរបស់ Toyota មិនទំនើបនិងប្រណីតជាដើម។ ជាក់ស្ដែងសម្រាប់រូបរាងថ្មីរបស់ Highlander មានលក្ខណៈទំនើបទាន់សម័យ ដោយផ្នែកខាងមុខរចនាបែប «ក្បាលញញួរ» (Hammerhead) ដែលជាអត្តសញ្ញាណរបស់ Toyota រួមបញ្ចូលជាមួយភ្លើងបំភ្លឺពេលថ្ងៃ (DRL) រាងស្លីមជាបន្ទាត់ ដាក់ដាច់ដោយឡែកពីចង្កៀងមុខធំ។ នៅចំហៀងរបស់ Highlander បានបំពាក់ជាមួយដៃទ្វារប្រភេទ Semi-flush ជាមួយបច្ចេកវិទ្យាគន្លឹះអេឡិចត្រូនិកដែលទើបនឹងដាក់ឱ្យប្រើប្រាស់ ចូលមកផ្នែកខាងក្រោយបានបំពាកើជាមួយ (Spoiler) ជួយលើសម្រស់រថយន្ដកាន់ស្រស់ស្អាតទាន់សម័យ។ ចំពោះពណ៍រថយន្ដក៏មានផ្ដល់ជូនជាមួយជម្រើសពណ៌ពីរលាយគ្នា (Two tone) ផងដែរ។
ចំពោះផ្នែកខាងក្នុង រថយន្ត Highlander ប្រភេទអគ្គិសនីនេះរចនាមកផ្ដល់ជូននូវកាប៊ីនខាងក្នុងដ៏មានផាសុកភាព រួមបញ្ចូលជាមួយភាពស្រឡះទូលាយ ភាពប្រណីត និងការរចនាបែបបច្ចេកវិទ្យាឈានមុខ។ សម្រាប់ផ្នែកខាងមុខបានរចនាឡើងដោយផ្ដោតលើអ្នកបើកបរជាចម្បង ដោយបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១២.៣អុីញ មានជម្រើសបំពាក់ជាមុខស្លាយកុងទ័រ, អេក្រង់កម្សាន្ដទំហំ ១៤អុីញ គាំទ្រដោយបច្ចេកវិទ្យា Toyota Audio Multimedia បំពាក់នូវការតភ្ជាប់បណ្តាញ 5G របស់ AT&T និងការរចនាបែបឆ្លាតវៃដូចជាស្មាតហ្វូន ដោយផ្តល់នូវមុខងារ Widget អាចកំណត់តាមតម្រូវការនៅលើអេក្រង់ និងមានមុខងារជំនួយការជាសំឡេង (Voice Assistant) អាចឆ្លើយតបបានយ៉ាងរហ័សទៅកាន់ពាក្យបញ្ជា “Hey Toyota” និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ចុងក្រោយបង្អស់។
ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដែលបញ្ជាតាមរយៈប៊ូតុងចុច, ភ្លើងលម្អ (Ambient lighting) មានចំនួន ៦៤ ពណ៌ ដើម្បីបង្កើតបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ការបើកបរពេលយប់ លើសពីនេះ ភ្លើងលម្អនេះក៏ត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធជំនួយការចេញពីឡានដោយសុវត្ថិភាព ដោយភ្លើងនៅលើទ្វារនឹងភ្លឺផ្លេកៗក្នុងករណីមានបញ្ហាណាមួយកើតឡើង។
សម្រាប់កៅអីអង្គុយត្រូវបានផលិតឡើងពីសម្ភារៈធន់រឹងមាំ និងមានការរចនាបែបទាន់សម័យ ដើម្បីជួយសម្រស់ដល់ផ្នែកខាងក្នុង។ គ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ជាមួយកៅអីស្បែក SofTex រូបរាងថ្មី ជាមួយមុខងារកម្ដៅកៅអីជួរមុខជាស្តង់ដារ។ អ្វីកាន់តែពិសេសគឺ Toyota Highlander ប្រភេទអគ្គិសនីនេះបានបំពាក់ដំបូលកញ្ចក់ Panoramic ដែលមានទំហំធំបំផុតមិនធ្លាប់មានក្នុងចំណោមរថយន្ត Toyota ទាំងអស់។
ចំពោះម៉ូឌែល Limited នឹងបន្ថែមនូវលំនាំក្បាច់យ៉ាងពិសេស, មុខងារខ្យល់ត្រជាក់កៅអីមុខ និងកម្ដៅកៅអីជួរទីពីរ។ ចំពោះកៅអីជួរទីពីររចនាបែប Captain’s chairs ជាស្តង់ដារ ប៉ុន្តែក៏មានជម្រើសកៅអីជួរវែង សម្រាប់ស៊េរី XLE AWD ផងដែរ។ ចំណែកកៅអីជួរទីបីផ្តល់នូវកន្លែងធំទូលាយសម្រាប់មនុស្សពេញវ័យពីរនាក់ និងអាចចូលទៅអង្គុយបានយ៉ាងងាយស្រួល តាមរយៈការបញ្ជាប៊ូតុងចុចអគ្គិសនីនៅលើកៅអីជួរទីពីរ។
សម្រាប់រថយន្ត Highlander ឆ្នាំ ២០២៧ ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Toyota Next Generation Architecture-K (TNGA-K) ត្រូវបានកែលម្អ និងអភិវឌ្ឍថ្មី ដើម្បីអាចផ្ទុកអាគុយដែលមានសមត្ថភាពខ្ពស់របស់ Highlander និងបង្កើនទំហំធំទូលាយអតិបរមាសម្រាប់អ្នកដំណើរ។ គ្រោងឆ្អឹងនេះក៏បានប្រើប្រាស់បន្ទះគ្របពីខាងក្រោម (Underfloor covers) ទាំងផ្នែកខាងមុខ និងខាងក្រោយ ដើម្បីសម្រួលដល់លំហូរខ្យល់នៅក្រោមបាតរថយន្ត។
ជាមួយគ្នានេះសម្រាប់រថយន្ដ Toyota Highlander អគ្គិសនីនេះផ្ដល់ជូនជាជម្រើសកញ្ចប់អាគុយ៤ផ្សេងគ្នាដោយក្នុងនោះ៖
ម៉ូឌែល XLE FWD: អាគុយទំហំ 77.0-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ២៨៧ ម៉ាយ (៤៦២ គីឡូម៉ែត្រ)។
ម៉ូឌែល XLE AWD: អាគុយទំហំ 77.0-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ២៧០ ម៉ាយ (៤៣៤ គីឡូម៉ែត្រ)។
ម៉ូឌែល XLE AWD: អាគុយទំហំ 95.8-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ៣២០ ម៉ាយ (៥១៥ គីឡូម៉ែត្រ)។
ម៉ូឌែលLimited AWD: អាគុយទំហំ 95.8-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ៣២០ ម៉ាយ (៥១៥ គីឡូម៉ែត្រ)។
សម្រាប់រថយន្ដ Toyota Highlander ឆ្នាំ ២០២៧ នឹងត្រូវដំឡើងនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ដោយប្រើប្រាស់អាគុយដែលផលិតនៅក្នុងស្រុកពីរោងចក្រថ្មីតម្លៃ ១៣.៩ ពាន់លានដុល្លារនៅរដ្ឋ North Carolina។ ការលក់ដាក់ជាផ្លូវការរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ចំណែកតម្លៃ នឹងត្រូវប្រកាសនៅពេលជិតដាក់លក់ផ្លូវការ៕



















