ទិញរថយន្តមួយទឹកតៗពីគ្នា មិនដឹងម្ចាស់ដើមនៅទីណា តើធ្វើម្តេចទើបអាចកាត់ឈ្មោះបាន?

បើសិនលោកអ្នកបានទិញរថយន្តមួយទឹកមានផ្លាកលេខស្រាប់ ដែលត្រូវបានទិញលក់តៗគ្នាជាច្រើននាក់ ហើយអ្នកមិនអាចរកឃើញម្ចាស់ដើមដែលមានឈ្មោះក្នុងកាតគ្រីនៃរថយន្តនោះ តើធ្វើដូចម្តេចទើបអាចផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះ ស្របតាមច្បាប់ មកដាក់ឈ្មោះអ្នកវិញបាន?

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងករណីរថយន្តនោះ ពុំអាចរកម្ចាស់ដើមឃើញដែលត្រូវបានលក់ទិញបន្តគ្នា អ្នកកាន់កាប់រថយន្តបច្ចុប្បន្ន ត្រូវទៅផ្តិតស្នាមមេដៃលើកិច្ចសន្យាធានានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្លួនរស់នៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងដែរថា ចំពោះការធ្វើកិច្ចសន្យាធានានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នឹងតម្រូវឲ្យលោកអ្នកយកមកនូវឯកសារមួយចំនួន រួមទាំងសាក្សីផងដែរ ដើម្បីបញ្ជាក់ថា លោកអ្នកពិតជាម្ចាស់រថយន្តនោះប្រាកដមែន។

បន្ទាប់ពីទទួលបាន​កិច្ចសន្យាធានានេះហើយ អ្នកអាចអញ្ជើញទៅទីតាំងផ្តល់សេវាសាធារណៈណាមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកសារតម្រូវផ្សេងៗទៀតរួមមាន៖

– ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)

– អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖

*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

-ក្នុងករណីអាសយដ្ឋានបច្ចប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

– បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

– លិខិតលក់ទិញរថយន្ត

– បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)

កម្រៃសេវា៖

-ក្នុងរាជធានី-ខេត្ត ៤៨ ០០០ រៀល

-ឆ្លងរាជធានី-ខេត្ត ១០១ ០០០ រៀល

សូមបញ្ជាក់ថា តម្លៃនេះ មិនរួមបញ្ចូលពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារនោះទេ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម