យោងតាមព័ត៌មាន Reuters បានរាយការណ៍ថាចាប់ពីថ្ងៃច័ន្ទទី ៣០ ខែសីហា(ម៉ោងក្នុងប្រទេសបារាំង) នឹងកំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តបើកបរនៅលើផ្លូវក្នុងទីក្រុងប៉ារីស។
ប៉ុន្តែត្រូវបានលើកលែងដល់ផ្លូវ Champs Elysees (៥០ គីឡូម៉ែត្រក្នុងមួយម៉ោង) និងផ្លូវ Peripherique Ring (៧០ គីឡូម៉ែត្រក្នុងមួយម៉ោង)។ កាលពីមុនការកំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានអនុវត្តនៅក្នុងផ្នែកជាច្រើននៃទីក្រុងប៉ារីស រហូតមកដល់បច្ចុប្បន្នបទបញ្ជានេះត្រូវបានចេញយ៉ាងទូលំទូលាយនៅទូទាំងរាជធានី។
អភិបាលរងក្រុងប៉ារីស លោក David Belliard បាននិយាយថាការកំណត់ល្បឿនថ្មីនេះមានគោលបំណងដោះស្រាយការបំពុលខ្យល់ និងសំលេងរំខាន និងជួយកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ ហើយនេះមិនមែនជាវិធានការដើម្បីដាក់កំហិតលើរថយន្តនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃផែនការទីក្រុងក្នុងការផ្លាស់ប្តូរ ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនឱ្យដើរ ឬជិះកង់ និងប្រើប្រាស់យានយន្តសាធារណៈ។
គួរបញ្ជាក់ផងដែរថា មុនទីក្រុងប៉ារីសទីក្រុង ទីក្រុងធំៗ មួយចំនួននៅក្នុងប្រទេសបារាំងក៏បានចេញបទបញ្ជាស្រដៀងគ្នានេះដែរស្តីពីការកំណត់ល្បឿននៅក្នុងទីក្រុងដែលរួមមាន Bordeaux, Strasbourg និង Toulouse ហើយនៅឆ្នាំក្រោយនេះមានគម្រោងដាក់ឱ្យអនុវត្តបទបញ្ជានេះសម្រាប់ទីក្រុង Lyon ផងដែរ៕